ក្រុម ហង្សក្រហម Liverpool បានចាញ់ក្រុមខ្លាធំ Hull City ១-០ ក្នុងការប្រកួត Premier League បង្រ្គប់សប្តាហ៍ទី៣៤ នៅ KC Stadium កាលពីយប់មិញនេះ ហើយលទ្ធផលនេះបានធ្វើឲ្យពួកគេបាត់បង់សង្ឃឹម Top ៤ ស្ទើរតែទាំងស្រុងហើយ។
១គ្រាប់របស់ម្ចាស់ផ្ទះ Hull គឺរកបានដោយការតែតរបស់ប្រធានក្រុម Michael Dawson នៅនាទី៣៧ ហើយក៏ជាគ្រាប់បញ្ចូលទីលើកដំបូងរបស់ខ្សែការពារវ័យ៣១ឆ្នាំរូប នេះដែរ បើគិតតាំងពីខែមករា ឆ្នាំ២០១៣មក។ ហើយជ័យជម្នះមួយនេះ បានជួយឲ្យ Hull មានគម្លាត៤ពិន្ទុហើយ ពីតំបន់កាត់ចោល ដោយឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១៥ ក្នុងតារាង Premier League វិញ។
ចំណែកឯក្រុមភ្ញៀវ Liverpool វិញ មិនអាចរកគ្រាប់បំបែកពងមាន់ម្ចាស់ផ្ទះបានទេ ទោះបីជាមានសាច់បាល់គ្រប់គ្រងដល់ទៅ ៦៩%ក្តី ខណៈដែល Jordan Henderson, Raheem Sterling, Philippe Coutinho និង Mario Balotelli នៅតែមិនអាចធ្វើអ្វីខ្សែការពារ និងអ្នកចាំទី Steve Harper របស់ Hull បាន។
ដូច្នេះហង្សក្រហម ចាញ់ពិន្ទុក្រុមលេខ៤ Manchester United ចំនួន៧ពិន្ទុ ដោយឈរនៅលេខ៥ដដែល ខណៈដែលការប្រកួតសល់តែ៤ទៀតនឹងបញ្ចប់រដូវកាល៕