គ្រូ គណិតវិទ្យាជនជាតិអ៊ីតាលីម្នាក់ បានល្បីល្បាញយ៉ាងខ្លាំង ក្រោយបែកធ្លាយរូបជាច្រើនតាមបណ្ដាញអ៊ីនធឺណិត និងត្រូវសិស្សទាំងអស់ចាត់ទុកជាគ្រូបង្រៀនសង្ហាជាងគេលើលោក។ យ៉ាងណាមិញ ក្រៅពីបង្រៀន រូបគេមានអាជីពជាអ្នកដើរម៉ូដ ប៉ុន្តែព្យាយាមលាក់សិស្ស និងមិត្តរួមការងារ ព្រោះមានការខ្មាសអៀន។
គ្រូបង្រៀនវ័យ ២៦ឆ្នាំ ឈ្មោះ Pietro Boselli កំពុងបង្ហាត់សិស្សផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យ University College London (UCL)។ សិស្សគ្រប់គ្នា មានការពេញចិត្តគ្រូបង្រៀនរូបនេះយ៉ាងខ្លាំង ដោយសាររូបរាងដ៏សង្ហា ព្រមទាំងសាច់ដុំកង់ៗ ដែលកើតឡើងពីការញៀនហាត់ប្រាណ។
សិស្សម្នាក់ក្នុងចំណោមនោះ បានរាវរកឃើញគណនី Instagram របស់គ្រូ និងចែកចាយបន្តព្រមទាំងសរសេរអមដោយពាក្យ “អារម្មណ៍ពេលដឹងថាគ្រូគណិតវិទ្យារបស់អ្នក គឺជាតារាម៉ូដែលកំពូលម្នាក់”។ ចាប់ពីពេលនោះមក គណនី Instagram របស់គ្រូសង្ហារូបនេះ មានអ្នកគាំទ្រកើនឡើងជាលំដាប់ រហូតដល់ជាង ៤៨០០០០នាក់។ គ្រូបង្រៀនជនជាតិអ៊ីតាលី បាននិយាយថា លោកព្យាយាមលាក់អាជីពម៉ូដែលពីសិស្ស និងមិត្តរួមការងារនៅសាកលវិទ្យាល័យអស់ពេលជាយូរមកហើយ ដោយសារខ្លាចពួកគេមើលងាយខ្លួន។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Times របស់អង់គ្លេស លោកគ្រូ Boselli ដែលមានកាន់សញ្ញាប័ត្រកម្រិតបណ្ឌិត បាននិយាយថា នៅពេលដាក់ពាក្យធ្វើជាគ្រូបង្រៀន លោកមិនចង់ដាក់ប្រវត្តិរូបជាតារាម៉ូដែលទៅក្នុង CV នោះទេ។ គ្រូបង្រៀនកំពុងល្បីឈ្មោះរូបនេះ បានបញ្ជាក់ទៀតថា លោកមិនចង់ឲ្យសិស្សទាំងអស់ដឹងពីអាជីពនេះឡើយ។ លោក Boselli បាននិយាយថា “ខ្ញុំគិតតែម្យ៉ាងទេ គឺខ្មាសគេ… ខ្ញុំគិតថាមនុស្សទាំងអស់នៅកន្លែងការងារ ប្រាកដជាមើលងាយខ្ញុំ”។
លោកគ្រូ Boselli ដែលជាប់សញ្ញាប័ត្របណ្ឌិតផ្នែកវិស្វកម្មគ្រឿងយន្ត មានក្ដីសង្ឃឹមថា លុយដែលរកបានពីអាជីពម៉ូដែលនឹងអាចជួយលោកឲ្យបើកក្រុមហ៊ុន វិស្វកម្មមួយក្នុងក្រុងឡុងដុង ប្រទេសអង់គ្លេស។ យ៉ាងណាមិញ អាចជាដំណឹងអាក្រក់សម្រាប់នារីទាំងឡាយ ដែលបាក់ចិត្តលើគ្រូសង្ហាម្នាក់នេះ ព្រោះរូបគេមានសង្សាររួចទៅហើយ៕