អ្នកចាត់ការ ក្រុម Chelsea លោក Jose Mourinho បានឆ្លើយតបបែបឌឺដងទៅកាន់អ្នកគាំទ្រក្រុម Arsenal ថា ការរង់ចាំលើកពាន Premier League អស់រយៈពេល១១ឆ្នាំរបស់ពួកគេ ទើបជារឿងគួរឲ្យធុញទ្រាន់បំផុត។
ការលើកឡើងរបស់លោក Mourinho ខាងលើនេះ គឺបន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal ប៉ះគ្នាទល់នឹងតោខៀវ Chelsea បានត្រឹមស្មើ ០-០ កាលពីយប់មិញ ហើយអ្នកគាំទ្រម្ចាស់ផ្ទះនៅ Emirates Stadium យល់ថាក្រុមភ្ញៀវរបស់លោក Mourinho លេងទម្រង់ចតឡានក្រុង ដោយអ្នកគាំទ្រ Arsenal ទាំងនោះ បានស្រែកចំអកឲ្យថា “Boring, boring Chelsea”។
ចំណែកឯលោក Arsene Wenger ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ ក៏បាននិយាយដែរថា Chelsea មកលេងនេះ គឺមកការពារ។
Mourinho ដែលមិនបានដាក់ខ្សែប្រយុទ្ធសោះក្នុងជម្រើស១១នាក់ដំបូងកាលពី យប់មិញនោះ បានលើកឡើងថា ១១ឆ្នាំរបស់ Arsenal ដែលមិនបានឈ្នះពានក្នុងលីកសោះ គឺពិតជាគួរឲ្យធុញទ្រាន់។ លោកបាននិយាយថា៖ “ខ្ញុំគិតថា ធុញទ្រាន់ខ្លាំងណាស់ ១០ឆ្នាំមិនដែលឈ្នះពានក្នុងលីកសោះ ពិតជាធុញទ្រាន់ខ្លាំងមែន។ អ្នកគាំទ្រក្លិប ហើយអ្នករង់ចាំ ជាច្រើនឆ្នាំដោយមិនបានឈ្នះពានPremier League សោះ ដូច្នេះនោះពិតជារឿងធុញទ្រាន់ខ្លាំងណាស់”។
ក្រុមតោខៀវ របស់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ដែលមានរហស្សនាមថា “Special One” រូបនេះ ត្រូវការតែ៥ពិន្ទុទៀតប៉ុណ្ណោះ នឹងលើកពាន Premier League នៅរដូវកាលនេះ៕