Luis Suarez របស់ក្រុម FC Barcelona បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា ទោះបីជារូបគេចាកចេញពីទឹកដី Anfield ពិតមែន ប៉ុន្តែអារម្មណ៍នៅតែនឹកដល់អ្នកគាំទ្រហង្សក្រហម និងនៅតែមើលការប្រកួត Liverpool តាមទូរទស្សន៍។
ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយ Suarez នឹងត្រូវដើរតួសំខាន់ ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយជើងទី២ ដែល Barca ត្រូវប៉ះ PSG នៅយប់នេះ ខណៈដែលកាលពីជើងទី១ កីឡាករវ័យ២៨ឆ្នាំ បានស៊ុតចូលក្រុមខ្លាំងរបស់បារាំង២គ្រាប់ និងកាលពីចុងសប្ដាហ៍ស៊ុត Valencia បាន១គ្រាប់ទៀត។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool រូបនេះ ហាក់ដូចជាឡើងជើងខ្លាំងវិញហើយ ពោលគឺរូបគេត្រឡប់ទៅរកទម្រង់លេងដល់កម្រិតកំពូលដូចកាលនៅហង្ស ក្រហមវិញ។ Suarez ក៏បានបន្ថែមផងដែរថា ដើមរដូវកាលជាមួយ Barcelona ហាក់ដូចជាប្លែកបន្តិច ប៉ុន្តែឥឡូវរូបគេបានយល់ពីដៃគូ Neymar និង Messi ច្រើនហើយ ហើយក៏មានអារម្មណ៍កក់ក្ដៅដូចផ្ទះខ្លួនឯងដែរ៕