ក្រុម តោខៀវ Chelsea កាន់តែជិតបានលើកពាន Premier League មែនទែនហើយ ក្រោយស្មើក្រុមលេខ២ Arsenal ០-០ ដើម្បីរក្សាគម្លាតដល់ទៅ១០ពិន្ទុនៅលើកំពូលតារាង ថែមទាំងសល់១ប្រកួតក្នុងដៃទៀតផងនោះ។
ក្រុមរបស់លោក Jose Mourinho នឹងអាចលើកពានជាស្វ័យប្រវត្តិ ប្រសិនបើអាចយកឈ្នះ Leicester City នៅថ្ងៃពុធនេះ និងឈ្នះ Crystal Palace នៅ Stamford Bridge នាថ្ងៃអាទិត្យ។
នៅក្នុងការប្រកួតនេះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះកាំភ្លើងធំ បានស្រែកឌឺដងដាក់ក្រុមភ្ញៀវថា “boring boring Chelsea” ដែលក្នុងន័យថា Chelsea លេងបាល់គួរឲ្យធុញ នៅក្រោយបញ្ចប់ការប្រកួត។ យ៉ាងណាក្ដី សម្រែកនោះមិនបានធ្វើឲ្យកីឡាករតោខៀវយកចិត្តទុកដាក់នោះទេ ពោលគឺពួកគេបានហ៊ោអបអរសាទរចំពោះលទ្ធផលនេះ។
ការបានត្រឹមស្មើនេះ ក៏មានន័យដែរថាលោក Arsene Wenger មិនអាចយកឈ្នះលោក Mourinho បាននោះទេ នៅក្នុង១៣ប្រកួតចុងក្រោយ។ មិនត្រឹមតែប៉ុណ្ណោះទេ ការប៉ះគ្នា៥ប្រកួតចុងក្រោយ Arsenal មិនអាចស៊ុតចូល Chelsea សូម្បីមួយគ្រាប់។
ងាកទៅមើលមួយប្រកួតទៀតវិញ ក្រុមម្ចាស់ផ្ទះ Everton នៅតែរក្សាទម្រង់លេងឡើងជើងនៅចុងរដូវកាល ដោយបានបំបាក់ Manchester United ៣-០។ James McCarthy និង John Stones បានរកម្នាក់១គ្រាប់នៅតង់ទី១ មុនពេល Kevin Mirallas បន្ថែម១គ្រាប់ទៀតនៅ១៦នាទីមុនចប់តង់ទី២។
ទោះបីជាចាញ់ស្ពឹកមុខបែបនេះក្ដី ក៏ក្រុមលោក Louis van Gaal មិនសូវព្រួយបារម្ភប៉ុន្មានទេ ដោយសារតែស្ថិតក្នុងចំណោមក្រុមកំពូលទាំង៤ដដែល ដោយលើសក្រុមលេខ៥ Liverpool ចំនួន៧ពិន្ទុ៕