មុន ការប្រកួតដ៏ធំប្រចាំសប្ដាហ៍រវាង ក្រុមកាំភ្លើងធំ Arsenal ទល់នឹងតោខៀវ Chelsea នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះមកដល់ Sabay សូមបង្ហាញពីស្ថិតិប្រៀបធៀបរវាងតារាឆ្នើមរបស់ក្រុមទាំង២ ខ្សែបម្រើ Alexis Sanchez និង Eden Hazard ខាងក្រោមនេះ ថាមួយណាល្អជាង។
បើយោងតាម WhoScored.com បានវាយតម្លៃឲ្យកីឡាករឆ្នើមទាំង២នេះ ជាកីឡាករលេងបានល្អជាងគេបំផុតនៅក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ប៉ុន្តែ Hazard របស់ Chelsea ល្អជាងដោយទទួលបានការវាយតម្លៃ ៨,០៧ ខណៈដែល Sanchez របស់ Arsenal បាន ៧,៩១។ កីឡាករទាំង២នេះ ក៏ជាបេក្ខភាព ក្នុងចំណោម៦នាក់ចុងក្រោយ ដែលអាចនឹងឈ្នះពាន PFA Player of the Year ដូចគ្នា។
បើក្រឡេកទៅមើលទម្រង់លេងបច្ចុប្បន្នវិញឃើញថា កីឡាករកំពូលញាក់ទាំង២នេះ ក៏កំពុងតែឡើងជើងខ្លាំងដូចគ្នា ខណៈដែលកាលពីសប្ដាហ៍មុន Sanchez បានស៊ុតបញ្ចូលទីក្រុម Reading ទាំង២គ្រាប់ជួយឲ្យ Arsenal ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup រីឯ Hazard វិញ ក៏មិនធម្មតាដែរ ព្រោះគេអាចស៊ុតបញ្ចូលទីលើក្រុមខ្លាំង Manchester United ១គ្រាប់ ជួយឲ្យ Chelsea នាំមុខក្រុមលេខ២ កាំភ្លើងធំ ដល់ទៅ១០ពិន្ទុ នៅក្នុងតារាង Premier League។ ចាំមើល៍ថា ពេល Arsenal ប៉ះ Chelsea ថ្ងៃអាទិត្យនេះ កីឡាករមួយណាអាចរកគ្រាប់បញ្ចូលទីបាន៕
ប្រិយមិត្តសាកទាយមើល៍ថា Sanchez ឬ Hazard នឹងរកគ្រាប់បាននៅកីឡដ្ឋាន Emirates?