បន្ទាប់ពីខកខានអស់ជាច្រើនថ្ងៃមក ការប្រកួតបាល់ទាត់ English Premier League បានវិលមកបម្រើអារម្មណ៍អ្នកស្នេហាវិស័យកីឡាវិញហើយនៅរាត្រីនេះ។ នាល្ងាចនេះដែរ មានការប្រកួតធំមួយគូគឺក្រុមកាំភ្លើងធំ Arsenal នឹងត្រូវត្រៀមគ្រាប់បាញ់ក្រុមហង្សក្រហម Liverpool នាម៉ោង៦:៤៥នាទីនេះ។ ចាំមើលហង្សក្រហមអាចគេចផុតពីគ្រាប់របស់ Arsenal បានឬយ៉ាងណា ព្រោះកាលពីជើងទី១ក្រុមទាំងពីរនេះបានត្រឹមស្មើ ២-២ ។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Arsene Wenger បាននិយាយមុនប្រកួតយប់នេះថា៖ “ខ្ញុំមិនគិតតាមបែបគណិតវិទ្យាមុនប្រកួតទេ។ យើងនឹងគិតវានៅក្រោយពេលប្រកួតចប់។ អ្វីដែលសំខាន់នាពេលនេះគឺធ្វើយ៉ាងណាឈ្នះការប្រកួតសិន។ ជួបក្រុមខ្លាំង ខ្ញុំតែងតែគិតពីទម្រង់លេងរបស់កីឡាករ។ អ្នកដឹងហើយថា ពួកគេទើបតែមកពីប្រកួតអន្តរជាតិ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះពួកគេទើបតែមកពីហត់”។
ងាកមកខាងលោក Brendan Rodgers វិញបានបញ្ចេញយោបល់ដែរថា៖ “ខ្ញុំគិតថាអ្នករាល់គ្នាគិតថាប៉ះ Arsenal ត្រូវតែឈ្នះហើយ ប៉ុន្តែសម្រាប់ខ្ញុំវិញមិនគិតដូច្នេះទេ។ ខ្ញុំគិតដល់ការបង្ហាញទម្រង់លេងរបស់ក្រុមច្រើនជាង។ កីឡាករទាំងអស់ទើបតែចូលហ្វឹកហាត់បានបន្តិច។ នេះមានន័យថាពួកគេប្រហែលជាលេងមិនសូវស៊ីចង្វាក់គ្នានោះទេ។ ឈ្នះចាញ់មិនសំខាន់ សំខាន់បំផុតគឺក្រុមទាំងមូលលេងឱ្យអស់ពីសមត្ថភាព”។
ជើងកីឡាករ
Arsenal អាចអវត្តមានកីឡាករច្រើនដូចជា Alex Oxlade-Chamberlain មានរបួស , Abou Diaby , Arteta , Debuchy , Wilshere ទើបតែត្រលប់ពីលេងមិត្តភាពអន្តរជាតិវិញអាចមិនចូលលេង និង Welbeck វិញកំពុងតែស្ថិតក្នុងភាពមិនច្បាស់ថាអាចលេងបានឬអត់។ ដូច្នេះជម្រើស១១នាក់ដំបូងនាប្រកួតល្ងាចនេះអាចជា Ospina , Bellerin , Koscielny , Gabriel , Gibbs , Ramsey , Coquelin , Sanchez , Cazorla , Ozil និង Giroud។
ដោយឡែកខាងហង្សក្រហមវិញក៏អាចអវត្តមានកីឡាករច្រើនដែរ ដូចជា Jones និង Jordon Ibe របួស , Skrtel និង Gerrard កាតក្រហម , Flanagan ទើបតែត្រលប់ចូលក្រុម និង Lallana មានរបួស។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់លោក Rodgers អាចជា Mignolet , Can , Lovren , Sakho , Johnson , Allen , Henderson , Moreno , Coutinho , Sterling និង Sturridge។