ក្រុម អ្នកមានបុណ្យ FC Barcelona បានស៊ុតបំបាក់ក្រុមភ្ញៀវ Getafe យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ រកបានបីពិន្ទុបន្ថែម ខណៈកំពូលខ្សែប្រយុទ្ធទាំងពីរ Luis Suarez និង Lionel Messi សុទ្ធតែរកបានពីរគ្រាប់ដូចគ្នា។ ជ័យជម្នះយប់មិញ ធ្វើឲ្យក្រុម Barcelona បន្តក្ដីសង្ឃឹមទៅលើកពានលីកកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ។
បើកឆាកបាន ៩នាទី កីឡាករ Lionel Messi ស៊ុតបាល់ពិន័យ ១១ម៉ែត្រ រកបានគ្រាប់ទីមួយឲ្យក្រុម Barcelona បន្ទាប់ពីខ្សែការពារក្រុម Getafe បង្កកំហុសលើកីឡាករ Luis Suarez ក្នុងតំបន់គ្រោះថ្នាក់។ នៅតង់ទីមួយដដែល ក្រុមម្ចាស់ផ្ទះបានវាយសម្រុកយ៉ាងខ្លាំង រកគ្រាប់បាល់បន្ថែម ៤គ្រាប់ទៀតដោយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Luis Suarez(នាទីទី២៥, ៤០) កីឡាករវ័យក្មេង Neymar(នាទីទី២៨) និងខ្សែបម្រើ Xavi (នាទីទី៣០)។ ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះរកបានតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដែលជាការស៊ុតបញ្ចូលទីពីកំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi នៅនាទីទី៤៧។
ជ័យជម្នះមួយនេះ បានធ្វើឲ្យក្រុម Barcelona បន្តឈរលើកំពូលតារាង La Liga នាំមុខក្រុមលេខពីរ Real Madrid ៥ពិន្ទុ ប៉ុន្តែលើសមួយប្រកួត។ ក្រុម Barcelona នៅមាន ៤ប្រកួតទៀតក្នុងដៃ ដោយត្រូវប៉ះជាមួយក្រុម Cordoba(ក្រៅដី), Real Sociedad(ក្នុងដី), Atletico Madrid(ក្រៅដី) និង Deportivo(ក្រៅដី)។ ចំណែកឯក្រុម Real Madrid នៅសល់ ៥ប្រកួតទៀត ដោយត្រូវប៉ះជាមួយក្រុម Almeria(ក្នុងដី), Sevilla(ក្រៅដី), Valencia(ក្នុងដី), Espanyol(ក្រៅដី) និង Getafe(ក្នុងដី)៕