អ្នក ថតរូបជាលក្ខណៈកម្សាន្តអារម្មណ៍ម្នាក់នៅសហរដ្ឋអាមេរិក បានផ្ដិតជាប់ទិដ្ឋភាពពពកដែលមានសណ្ឋានដូចនាគកំពុងព្រួសភ្លើង យ៉ាងកម្រ នៅរដ្ឋ California។
ជាធម្មតា ពពកតែងប្រមូលផ្ដុំ ឬរសាត់អណ្ដែតចេញជារូបរាងប្លែកៗ ប៉ុន្តែមិនដូចទាំងស្រុងនោះទេ។ យ៉ាងណាមិញ រូបភាពដែលថតបានលើកនេះ គឺមានលក្ខណៈដូចស្ទើរបេះបិទទៅនឹងគំនូរនាគកំពុងព្រួសភ្លើងពណ៌ លឿងឆ្អិនឆ្អៅ កើតចេញពីចំណាំងពន្លឺព្រះអាទិត្យ។
បុរសវ័យ ២០ឆ្នាំឈ្មោះ Nicolas Locatelli បានផ្តិតយករូបភាពដ៏ប្លែកអស្ចារ្យទាំងនេះលើសួនឧទ្យានBriones Regional ក្នុងរដ្ឋ California។ និស្សិតមកពីក្រុង San Francisco រូបនេះ បានបញ្ជាក់ថា មិនបានដឹងពីការថតជាប់រូបដ៏អស្ចារ្យនេះឡើយ រហូតដល់ឆែកកាមេរ៉ាទើបមានការភ្ញាក់ផ្អើល។ ក្រោយបង្ហោះលើបណ្ដាញសង្គម Reddit តាមមិត្តភ័ក្ដិប្រាប់ រូបទាំងអស់ចាប់ផ្ដើមល្បីល្បាញយ៉ាងខ្លាំង៕