ក្រុម យក្សអេស្ប៉ាញ Real Madrid នឹងត្រូវអវត្តមានតួអង្គសំខាន់២នាក់ជាច្រើនសប្ដាហ៍គឺ Gareth Bale និង Luka Modric ដោយសារមានរបួសពេលប្រកួតទល់នឹង Malaga កាលពីថ្ងៃសៅកន្លងទៅ។ អវត្តមានកីឡាករ២នាក់នេះ ត្រូវបានគេមើលឃើញក្រុមលោក Carlo Ancelotti អាចនឹងប្ដូរទម្រង់លេងពេលប៉ះគូប្រជែង Atletico Madrid នៅ UEFA Champions League។
ខ្សែបម្រើប្រយុទ្ធ Gareth Bale មានបញ្ហាត្រង់សាច់ដុំកំភួនជើងខ្លាំង អាចអវត្តមានរហូតដល់ទៅ៣សប្ដាហ៍ រីឯ Key Player ម្នាក់ទៀត Modric មានរបួសត្រង់ជង្គង់ដែលអាចធ្វើឱ្យរូបគេត្រូវសម្រាកព្យាបាលរហូត ដល់ទៅ៥សប្ដាហ៍ឯណោះ។ មួយវិញទៀតខ្សែប្រយុទ្ធ Karim Benzema ដែលខកខានតាំងពីប្រកួតដែល Real ប៉ះ Malaga នោះក៏មិនទាន់ច្បាស់ដែរថាអាចចូលលេងបានឬអត់នោះដែរ ព្រោះមានរបួសខ្លាំងដូចគ្នា។
ចំពោះការអវត្តមានកីឡាករសំខាន់ប៉ុន្មាននាក់ខាងលើនេះ លោក Carlo Ancelotti មានក្ដីបារម្ភជាខ្លាំងដោយសារក្រុម Real Madrid ត្រូវទទួលភ្ញៀវ Atletico Madrid ក្នុងដីខ្លួនឯងពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី២នៅយប់ថ្ងៃស្អែកនេះ។ ដោយឡែកទម្រង់លេង ៤-៣-៣ ដែលតែងតែប្រើកន្លងមកក៏ត្រូវបានគេមើលឃើញថាអាចនឹងផ្លាស់ប្ដូរ មកលេង ៤-៤-២ វិញដែរ ដោយសារតំបន់ប្រយុទ្ធ និងបម្រើបាត់បង់កម្លាំងដល់ទៅ២នាក់ឯណោះ៕