គ្រូ បង្វឹករបស់អ្នកប្រដាល់អាស៊ី Manny Pacquiao លោក Freddie Roach បានលើកឡើងថា កំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក Floyd Mayweather ហាក់ដូចជាស្ងប់ស្ងាត់ខុសធម្មតា ធ្វើឲ្យលោកឆ្ងល់ខ្លាំងមែនទែន ខណៈដែលសល់តែ២ថ្ងៃទៀតនឹងដល់ការប្រកួត។
Floyd និង Pacquiao បានជួបគ្នានៅ MGM Grand កាលពីយប់មិញ និងបានបង្ហាញខ្សែក្រវាត់ WBC welterweight ដែលធ្វើឡើងរំលេចជាមួយត្បូងជាង ៣០០០គ្រាប់ មុននឹងពួកគេត្រូវឡើងវ៉ៃដណ្ដើមធ្វើជាម្ចាស់ខ្សែក្រវាត់ ពិភពលោកថ្មីនេះ នៅថ្ងៃយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។
លោក Roach វ័យ៥៥ឆ្នាំ បាននិយាយកាលពីយប់មិញថា៖ “ខ្ញុំមិនដឹងទេថា ហេតុអ្វីបានជា Floyd ស្ងប់ស្ងាត់ម្ល៉េះសម្រាប់ការប្រកួតមួយនេះ។ ខ្ញុំពិតជាឆ្ងល់ខ្លាំងមែនទែន ហើយពេលគាត់និយាយ គាត់និយាយតិចៗ។ ប៉ុន្តែខ្ញុំគិតថា គ្មានអ្នកប្រដាល់ណាម្នាក់ខ្លាចដៃគូប្រកួតទេ តែមើលទៅគាត់ដូចមិនចង់វ៉ៃក្នុងការប្រកួតនេះ ហើយដូចគេបង្ខំគាត់ឲ្យឡើងវ៉ៃ”។
យ៉ាងណាក្ដី នេះគ្រាន់តែជាទស្សនៈរបស់គ្រូបង្វឹករបស់ Pacquiao ប៉ុណ្ណោះ ការពិត Floyd ចង់វ៉ៃ ឬអត់ សូមរង់ចាំទស្សនានៅព្រឹកថ្ងៃអាទិត្យនេះទាំងអស់គ្នា៕
សូមទស្សនារូបភាព កីឡាករទាំង២ជួបគ្នាយប់មិញ៖