• ព័ត៌មានថ្មី

    Monday, December 1, 2014

    ផឹក​ជ្រុល​​ពី​យប់ ព្រឹក​ឡើង​យ៉ាប់​ គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្វាង?

    “លើក​ក្រោយ​​ស្បថ​ឈប់​ផឹក​ហើយ​វើយ” ជា​ពាក្យ​មួយ​ឃ្លា​ដែល​ឮ​ចេញ​ពី​មាត់​អ្នក​​ដែល​ក្រោក​ឡើង​ឈឺ​ក្បាល​ ធេងធោង កូរពោះ​គ្រូកៗ រក​កល​ចង់​ក្អួត ក្រោយ​ផឹក​គ្រឿង​ស្រវឹង​ជ្រុល​ពី​យប់។ យ៉ាង​ណា​ក្ដី អ្នក​ក៏​ប្រហែល​ជា​ពិបាក​នឹង​ជៀស​ផុត​ដែរ ជា​ពិសេស​គឺ​ក្នុង​រដូវ​រៀប​អាពាហ៍ពិពាហ៍​នេះ​តែ​ម្ដង។ តើ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ​នៅ​ពេល​​​​​ព្រឹក​ ព្រលឹម ក្រោយ​ស្រវឹង​ជ្រុល​ពី​យប់?


    មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​​ពេល​ព្រឹក សូម​មើល​អំឡុង​ពេល​ផឹក និង​ក្រោយ​ពេល​ផឹក​នា​ពេល​យប់​ជាមុន​សិន៖

    ១. ឈប់​​ផឹក​ពេល​ទៅ​លែង​រួច៖ អ្នក​ធ្លាប់​មាន​បទពិសោធន៍ ប្រហែល​ជា​ដឹង​ហើយ​ថា​វា​ពិបាក​យ៉ាង​ណា​នៅ​ពេល​ស្រវឹង​ខ្លាំង ដូច្នេះ​​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​បង្ការ​វា​តាំង​ពី​អំឡុង​​ពេល​ផឹក។ ​វិធី​ដំបូង​បំផុត​ដែល​អាច​ជួយ​អ្នក​បាន គឺ​ឈប់​ផឹក​នៅ​ពេល​ដែល​ដឹង​ខ្លួន​ថា​ទៅ​លែង​រួច។ ការ​ឈប់​មុន​គេ មិន​មែន​ជា​រឿង​ត្រូវ​ខ្មាស​នោះ​ទេ តែ​វា​អាច​ឲ្យ​អ្នក​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​​ធ្វើ​ខ្លួន​ឲ្យ​ស្វាង​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ និង​មាន​ពេល​គេង​គ្រប់គ្រាន់។

    ២.​ ធ្វើ​ឲ្យ​ក្អួត៖ ពេល​ដល់​ផ្ទះ វិធី​មួយ​ដែល​ងាយ​ស្រួល​ដែល​អ្នក​គួរ​ធ្វើ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្អួត។ ពេល​ស្រវឹង​ខ្លាំង ការ​ធ្វើ​ឲ្យ​ក្អួត​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ ដោយ​សារ​តែ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្រវឹង​​ចេញ​មក​ក្រៅ​ខ្លួន​ខ្លះ។ វិធី​ធ្វើ​ឲ្យ​ក្អួត មិន​ពិបាក​ទេ គឺ​គ្រាន់​តែ​យក​ម្រាម​ដៃ​លូក​ចូល​ទៅ​ក្នុង​មាត់ និង​បំពង់​ក។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​​អ្នក​បាន​លាង​ដៃ​របស់​ខ្លួន មុន​ពេល​ធ្វើ​បែប​នេះ។ ពេល​ក្អួត​រួច អ្នក​គួរ​ញ៉ាំ​ទឹក។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិន​សូវ​ពិបាក​ខ្លាំង​ទេ មិន​គួរ​ប្រើ​វិធី​ធ្វើ​ឲ្យ​ក្អួត​នេះ​ឡើយ។

    ៣. ញ៉ាំ​​អាហារ៖ ប្រសិន​បើ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ដោយ​គ្មាន​អ្វី​សោះ​ក្នុង​ក្រពះ នោះ​វា​ជា​ផ្នែក​មួយ​ហើយ​​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ខ្លាំង ដោយ​សារ​តែ​គ្មាន​អី​ទប់​ទល់​នឹង​ជាតិ​ស្រវឹង។

    ៤. ផឹក​ទឹក៖ ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរ​ផឹក​​ទឹក។ វិធី​ល្អ​ដើម្បី​កុំ​ឲ្យ​ឆាប់​ស្រវឹង គឺ​ផឹក​ទឹក​មួយ​កែវ​តូច នៅ​ចន្លោះ​ការ​លើក​ដាច់​របស់​អ្នក។ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ផឹក​បាន​យូរ​នោះ​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​មិន​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​នៅ​ពេល​ព្រឹក​ផង​ ដែរ។

    ៥. ផឹក​កាហ្វេ៖ កាហ្វេ​មិន​អាច​ជួយ​ឲ្យ​អ្នក​ស្វាង​ស្រវឹង​បាន​ទេ ប៉ុន្តែ​វា​អាច​ទប់​ទល់នឹង​ចំណុច​អាក្រក់​​របស់​ជាតិ​ស្រវឹង​បាន​ខ្លះ ពោល​គឺ​​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​រវៀសរវៃ មិន​ស្ពឹក​ក្បាល។ ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង និង​​ជាតិ​កាហ្វេអ៊ីន សុទ្ធ​តែ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ជាតិ​ទឹក ដូច្នេះ​​អ្នក​​ក៏​ត្រូវ​ញ៉ាំ​ទឹក​ដែរ​ ពេល​ញ៉ាំ​កាហ្វេ​នោះ។

    ៦. គេង៖ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​អាហារ និង​ទឹក​រួច​រាល់​ហើយ​ ការ​គេង​គឺ​ជា​វិធី​ល្អ​បំផុត​មួយ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ។ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​អ្នក​គេង​បាន​គ្រប់គ្រាន់​ពេល​ស្រវឹង (យ៉ាង​តិច​៧ម៉ោង)។

    ប្រសិន​បើ​ព្រឹក​ឡើង អ្នក​ពិបាក​ក្នុង​ខ្លួន​ខ្លាំង អ្នក​គួរ​អនុវត្តន៍​វិធី​ដូច​ខាង​ក្រោម៖

    56

    ១. ញ៉ាំ​ទឹក ឬ​ភេសជ្ជៈ​កីឡា​៖ ពេល​ក្រោក​ពី​គេង​ឡើង​វិល​ខ្ញាល់ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​រក​ទឹក​ញ៉ាំ ឬ​កាន់​តែ​ល្អ ​បើ​បាន​ញ៉ាំ​ភេសជ្ជៈ​សម្រាប់​កីឡា។ ទឹក និង​ភេសជ្ជៈ​ទាំង​នោះ នឹង​ជួយ​បំពេញ​ជាតិ​ស្ករ​ និង​ជាតិ​ទឹក​ដែល​បាត់បង់​ដោយ​សារ​គ្រឿង​ស្រវឹង។

    ២. ញ៉ាំ​ទឹក​ស៊ុប​ក្ដៅៗ​ និង​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម៖ ប៉ូតាស្យូម​ចាំ​បាច់​បំផុត​សម្រាប់​រាងកាយ​អ្នក​ ប៉ុន្តែ​វា​បាន​បាត់បង់​អស់​ច្រើន​តាម​រយៈ​ការ​នោម​ញឹក​នៅ​ពេល​ផឹក​គ្រឿង​ ស្រវឹង។ អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យួម រួមមាន​ ផ្លែចេក អាវ៉ូកាដូ ដំឡូង និង​ទឹក​ក្រូច​ជា​ដើម។

    ៣. ទំពា​ខ្ញី៖ ខ្ញី​មួយ​ដុំ​តូច អាច​ជួយ​ឲ្យ​អ្នក​ស្វាង​បាន​យ៉ាង​ប្រសើរ​នៅ​ពេល​ព្រឹក។ បើ​សិន​ជា​អាច ​អ្នក​អាច​ធ្វើ​ទឹក​ខ្ញី ដោយ​លាយ​ទឹក​៤ពែង ទឹក​ក្រូច​១ផ្លែ និង​ទឹក​ឃ្មុំ​កន្លះ​ពែង គឺ​កាន់​តែ​ប្រសើរ។

    ៤. លេប​ថ្នាំ៖ វិធី​មួយ​ទៀត​ដែល​អ្នក​ប្រហែល​ជា​មិន​ដែល​ចោល គឺ​ការ​លេប​ថ្នាំ។ ថ្នាំ​ដែល​គួរ​លេប គឺ Vicodin ឬ Zofran ព្រោះ​វា​អាច​​ជួយ​ក្រពះ និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ​ជា​ថ្មី។ កុំ​លេប​ថ្នាំ Tylenol ឬ Acetaminophen ព្រោះ​វា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​យ៉ាប់។​

    សម្រាប់​ប្រិយមិត្ត​វិញ មាន​វិធី​ណា​ផ្សេង​ទៀត​ឬ​អត់ ដើម្បី​ជួយ​ឲ្យ​ស្វាង​ពេល​ព្រឹក​ព្រលឹម ក្រោយ​ស្រវឹង​ខ្លាំង​ពេល​យប់? បើ​មាន​កុំ​ភ្លេច​ចែករំលែក​ប្រិយមិត្ត​ផ្សេង​ទៀត​ផង​ណា!
    • Blogger Comments
    • Facebook Comments
    Item Reviewed: ផឹក​ជ្រុល​​ពី​យប់ ព្រឹក​ឡើង​យ៉ាប់​ គួរ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្វាង? Rating: 5 Reviewed By: Unknown
    Scroll to Top