• ព័ត៌មានថ្មី

    Wednesday, December 24, 2014

    តិកនិក ៩​យ៉ាង​បង្កើន​សមត្ថភាព​​ចងចាំ​របស់​ខួរ​ក្បាល

    ខួរ​ក្បាល​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​វា​បាន​បំពេញ​តួនាទី​ជា​អ្នក​នាំ​ផ្លូវ​ក្នុង​​ការងារ​ផ្សេងៗ។ មិន​ត្រឹម​តែ​សំខាន់​ចំពោះ​ការ​ត្រិះរិះ​ពិចារណា​ប៉ុណ្ណោះ​ទេ ខួរ​ក្បាល​ក៏​ជា​កន្លែង​ផ្ទុក​ឯកសារ​មិន​ចេះ​ពេញ​ផង​ដែរ ប៉ុន្តែ​ពេល​ខ្លះ​វា​នឹង​អាច​បាត់បង់​ទៅ​វិញ ប្រសិន​បើ​យើង​មិន​ចេះ​ដុះ​ខាត់​ជា​ប្រចាំ​ទេ​នោះ។ ​

    5

    ខាង​ក្រោម​នេះ​គឺ​ជា​វិធី ៩​យ៉ាង ​ដែល​អាច​បង្កើន​សមត្ថភាព​នៃ​ការ​ចងចាំ​របស់​អ្នក​អោយ​បាន​យូរ​អង្វែង​ជាង​ធម្មតា៖

    ១. អាន​សៀវភៅ​ខុសៗគ្នា ហើយ​ព្យាយាម​ចងចាំ​ដំណើរ​រឿង​


    ​សៀវភៅ អត្ថបទ​ផ្សេងៗ កាសែត ឬ​ទស្សនាវដ្ដី សុទ្ធតែ​មាន​អត្ថប្រយោជន៍​ ចំពោះ​ការ​ចងចាំ។ អ្នក​គួរ​តែ​អាន​នូវ​អ្វី ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន។ ក្រោយ​មក ត្រូវ​ព្យាយាម​ចងចាំ​​​នូវ​អ្វី​ដែល​បាន​អាន​រួច នោះ​វា​នឹង​អាច​ជួយ​ពង្រឹង​សមត្ថភាព​ខួរ​ក្បាល​របស់​អ្នក​។

    ២.​ រៀន​ភាសា​ថ្មីៗ​បន្ថែម​ទៀត

    ការ​រៀន​ភាសា​ថ្មី​បន្ថែម មិន​ត្រឹម​តែ​បង្កើន​ជំនាញ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​លំហាត់​ខួរ​ក្បាល​មួយ​ដ៏​ល្អ​ប្រសើរ​ផង​ដែរ ដើម្បី​បញ្ចៀស​ការ​​ចុះ​ខ្សោយ​សមត្ថ​ភាព​ក្នុង​ការ​ចងចាំ​។ លើស​ពីនេះ​ទៅ​ទៀត ការ​រៀន​ភាសា​ ធ្វើ​ឲ្យ​អ្នក​​ស្គាល់​ពាក្យ​ច្រើន និង​អាច​​ជួយ​អោយ​មុខងារ​​​ខួរក្បាល​​មាន​ការ​រីក​ចម្រើន​។

    ៣. និយាយ​ជាមួយ​ខ្លួនឯង
     
    ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​ដែល​តែង​និយាយ​មក​កាន់​ខ្លួន​ឯង​ គឺ​ប្រឈម​នឹង​ជំងឺ​វង្វេងវង្វាន់​តិច​តួច​បំផុត។ ការ​និទាន​រឿង​ប្រាប់​ខ្លួន​ឯង គឺ​ជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ពន្យារ​ពេល​ឆាប់​ភ្លេច​ភ្លាំង​ និង​បង្កើន​ការ​ចង​ចាំ​ព័ត៌មាន​លម្អិត​នានា។

    ៤. ស្ដាប់​តន្ត្រី

    4

    តន្ត្រី​ក៏​ផ្ដល់​នូវ​លំហាត់​ខួរក្បាល​ដ៏​ល្អ​ប្រសើរ​ផង​ដែរ។ ទោះ​ជា​វា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​​ដល់​រាងកាយ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ស្ដាប់​តន្ត្រី​ធ្វើ​សមត្ថភាព​នៃ​ការ​ចង​ចាំ​មាន​ការ​កើន​ឡើង។ ស្ដាប់​តន្ត្រី​ដែល​អ្នក​ចូលចិត្ត​ជា​ប្រចាំ ហើយ​ព្យាយាម​ចងចាំ​បទ​ភ្លេង និង​អត្ថបទ​ចម្រៀង អ្នក​នឹង​បាន​ឃើញ​ពី​អត្ថ​ប្រយោជន៍​របស់​តន្ត្រី។

    ៥. គួរ​រក​វិធី​ជំនួយ​ការ​ចង​ចាំ​

    គួរ​រិះ​រក​វិធី​ងាយ​ៗ ដែល​អាច​ជួយ​អ្នក​អោយ​នឹក​ឃើញ​បាន​ឆាប់​រហ័ស។ ឧទាហរណ៍​ អ្នក​អាច​ភ្ជាប់​រូប​ភាព​ ជាមួយ​និង​ឈ្មោះ ឬ​ពាក្យ​ផ្សេងៗ​ដែល​អាច​ជួយ​អ្នក​នឹក​ឃើញ​ពី​អ្វី​មួយ។ ម្យ៉ាង​វិញ​ទៀត​ ពាក្យ​ជួន​​ ចង្វាក់​ភ្លេង​ ហើយ​និង​រឿង​កំប្លែង គឺ​ជា​វិធី ​៣ផ្សេង​ទៀត​ ដែល​អាច​ជួយ​អ្នក​អោយ​ចង​ចាំ​ឈ្មោះ ហេតុការណ៍​ តួលេខ ឬ​ព័ត៌មាន​សំខាន់​ផ្សេងៗ។

    ៦. ព្យាយាម​ធ្វើ​លំហាត់​ខួរ​ក្បាល​ជា​ប្រចាំ

    គួរ​ចំណាយ​ពេល​ខ្លះ ធ្វើ​សមាធិ រៀន​រក​នឹក​ពី​អ្វី​មួយ​ដែល​អ្នក​បាន​ភ្លេច។ ធ្វើ​បែប​នេះ​ជា​ប្រចាំ អ្នក​នឹង​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាក់​ជា​មិន​ខាន។

    ៧. លេង​ហ្គេម ផ្គុំ​រូប ឬ​ហ្គេម​ស្វែង​រក​ពាក្យ

    7

    ការ​លេង​ហ្គេម​ផ្សេងៗ​ដូច​ជា​ ហ្គេម​ស្វែង​រក​ពាក្យ ឬ​ហ្គេម​ផ្គុំ​រូប សុទ្ធ​តែ​អាច​បង្កើន​នូវ​ចំ​នេះ​ដឹង​ទូទៅ​ និង​ជួយ​បញ្ចៀស​បាន​នូវ​ភាព​ឆាប់​ចុះ​ខ្សោយ​​នៃ​ខួរ​ក្បាល។

    ៨. គេង​ឲ្យ​បាន​គ្រប់​គ្រាន់

    ដើម្បី​ឲ្យ​ខួរ​ក្បាល​ចង​ចាំ​បាន​ល្អ គួរ​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ជា​ធម្មតា​មនុស្ស​វ័យ​ជំទង់ ត្រូវ​ការ​ពេល​ពី ៦ ទៅ ៩​ម៉ោង​ដើម្បី​គេង ចំណែក​មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​ពេល​ពី ៦​ ទៅ ៨ម៉ោង។ ពេល​​គេង​គ្រប់​គ្រាន់ ខួរ​ក្បាល​អ្នក​នឹង​បំពេញ​ការងារ​បាន​ល្អ ព្រម​ទាំង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ផង​ដែរ។

    ៩. ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​បោះ​បង់​ចោល​គ្រឿង​ស្រវឹង

    អ្វី​ដែល​រាងកាយ​មនុស្ស​ត្រូវ​ការ​បំផុត​គឺ​អាហារ និង​ទឹក ដូច​នេះ​ត្រូវ​ព្យាយាម​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់។ គួរ​ជ្រើស​រើស​របប​អាហារ​ដែល​សំបូរ​ជាតិ​វីតាមីន​ច្រើន ជាពិសេស ត្រី និង​បន្លែ​បៃតង។ ចំណែក​ឯ​គ្រឿង​ស្រវឹង​វិញ គួរ​កាត់​បន្ថយ ព្រោះ​វា​នឹង​អាច​ប៉ះ​ពាល់​ដល់​សមត្ថភាព​ចង​ចាំ​របស់​អ្នក។ ពេល​គ្រឿង​ស្រវឹង​ចូល​ខ្លួន​ច្រើន​បន្តិច​អ្នក​នឹង​មាន​អារម្មណ៍​ថា​ភ្លេច​ ភ្លាំង ហើយ​ខួរ​ក្បាល​ក៏​ស្ពឹក​ស្រពន់​ និង​បំពេញ​ការងារ​មិន​បាន​ល្អ​ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: តិកនិក ៩​យ៉ាង​បង្កើន​សមត្ថភាព​​ចងចាំ​របស់​ខួរ​ក្បាល Rating: 5 Reviewed By: Unknown
    Scroll to Top