• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    លោក Obama ក្លាយ​ជា​មេ​ដឹក​នាំ​​​អាមេរិក​​​​​ដំបូង​គេ​ដែល​អាច​​សរសេរ​កូដ​​​​បាន​

    លោក​ប្រធានាធិបតី​ Barack Obama បាន​ក្លាយ​ជា​​មេ​ដឹក​នាំ​កំពូល​ដំបូង​គេ​ដែល​បាន​​សរសេរ​កូដ​កម្មវិធី​នៅ​លើ​កុំព្យូទ័រ​​​ខណៈ​ពេល​ចូល​រួម​​កម្មវិធី​លើក​កម្ពស់​ការ​សិក្សា​​​​​​​​​ផ្នែក​វិទ្យា​សាស្ត្រ​​ព័ត៌មាន​វិទ្យា​ប្រចាំ​ឆ្នាំ។

    កូដ​​សាមញ្ញ​ៗ​​ដែល​លោក​ប្រធានាធិបតី​បាន​បង្កើត​នោះ​​គ្រាន់​តែ​កូដ​សម្រាប់​បង្កើត​​​​​រូប​​រាង​ការ៉េ​​នៅ​​លើ​កុំព្យូទ័រ​ដោយ​ប្រើ​កម្មវិធី Code.org ប៉ុណ្ណោះ​។ លោក​ប្រធានាធិបតី​បាន​សរសេរ​កូដ​ខាង​លើ​​នៅ​សេតវិមាន ​​ដែល​ក្នុង​នោះ​ក៏​មាន​សិស្ស​បឋម​សិក្សា​​ចំនួន​២០នាក់​មក​ពី​សាលា​បឋម​សិក្សា​​ South Seventeenth Street នៅ​ទីក្រុង​ Newark នៃ​រដ្ឋ New Jersey មក​រៀន​​សរសេរ​កូដ​លើក​ដំបូង​​នៅ​​​ក្នុង​កម្មវិធី​​​​ឈ្មោះ​ថា Hour of Code ដែល​បង្កើត​ឡើង​ដោយ​អង្គការ Code.org ។

    លោក​ប្រធានាធិបតី​ Barack Obama ត្រូវ​បាន​​សិស្ស​បឋម​សិក្សា South 17th Street
    ពន្យល់​ពី​ការ​បង្កើត​កូដ​​​ពេល​លោក​ចុះ​​ត្រួត​ពិនិត្យ​​

    ទោះ​ជា​យ៉ាង​ណា​លោក​ប្រធានាធិបតី​ពុំបាន​បញ្ចប់​ការ​សរសេរ​កូដ​ដំបូង​របស់​លោក​​​ឲ្យ​បាន​ចង់​សព្វ​គ្រប់​នោះ​ទេ តែ​លោក​ក៏​បាន​បញ្ចប់​លំហាត់​មួយ​ចំនួន​ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​ Google’s Blockly និង​ភាសា​កូដ JavaScript។ លោក​ប្រធានាធិបតី​ក៏​បាន​ដើរ​​ត្រួត​ពិនិត្យ​មើល​ពី​ការ​រៀន​សរសេរ​កូដ​របស់​សិស្ស​​បឋម​សិក្សា​​ទាំង​នោះ​ផង​ដែរ​​។ ​

    កាល​ពី​ឆ្នាំ​មុន​លោក​ប្រធានាធិបតី​ Obama ក៏​បាន​បង្ហាញ​សារ​ជា​​វីដេអូ​មួយ​​នៅ​លើ YouTube ក្នុង​កម្មវិធី​ “ជំរុញ​ដល់​វិស័យ​​អប់រំ​ផ្នែក​ព័ត៌មាន​វិទ្យា​​​” នៅ​សហរដ្ឋអាមេរិក​​ តែ​ពេល​នោះ​លោក​មិន​បាន​សរសេរ​កូដ​នោះ​ទេ។

    នៅ​ក្នុង​សារ​ជា​វីដេអូ​នោះ​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​​ទៅ​កាន់​សិស្ស​​អាមេរិក​ដូច្នេះ​ថា៖ “​ការ​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា​ ពិសេស​គឺ​ការ​សរសេរ​កូដ​នេះ​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​អនាគត​របស់​អ្នក​ទេ តែ​​វា​រឹត​តែ​សំខាន់​ចំពោះ​អនាគត​របស់​ប្រទេស​ជាតិ​របស់​អ្នក (អាមេរិក​) ទាំង​មូល​ផង​ដែរ”។លោក​ប្រធានាធិបតី​បន្ត​ទៀត​ថា ៖ “​ប្រសិន​បើ​​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ យើង​ចាំ​បាច់​​ត្រូវ​ការ​យុវជន​ក្មេង​ៗ​ដូច​រូប​អ្នក​ ដែល​មាន​ជំនាញ​និង​មាន​​ទេពកោសល្យ​​ផ្នែក​ព័ត៌មាន​វិទ្យាដើម្បី​ជួយ​​​អភិវឌ្ឍ​​ប្រទេស​ជាតិ។ ​​​​​​​​

    ការ​ដែល​លោក​ប្រធានាធិបតី​ Obama ផ្ញើ​សារ​ទៅ​កាន់​សិស្ស​​អាមេរិក​បែប​នេះ​ ក៏​ដោយ​សារ​តែ​លោក​មើល​ឃើញ​ពី​សក្ដានុពល​ដ៏​ខ្លាំង​ក្លា​នៃ​ជំនាញ​ព័ត៌មាន​វិទ្យា ជាពិសេស​គឺ​ចំណេះ​ដឹង​ខាង​ផ្នែក​សរសេរ​កូដ​តែ​ម្ដង​ ដោយ​​​វា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់​នៅ​​ប្រចាំ​ថ្ងៃ​នា​យុគសម័យ​កុំព្យូទ័រ​​​នេះ​៕ ​

    *​មហាសេដ្ឋី​និង​ជា​ម្ចាស់​ក្រុមហ៊ុន Microsoft លោក​ Bill Gates ​ក៏​បាន​​បង្ហាញ​ពី​សារសំខាន់​នៃ​​ការ​​សរសេរ​កូដ​ ដោយ​បាន​​បង្ហោះ​រូប​មនុស្ស​ពីរ​នាក់ (នៅ​លើ​ទំព័រ 
    Facebook
     ផ្លូវ​ការ​​របស់​លោក​) ​បាន​សាក​ល្បង​រៀន​សរសេរ​កូដ​លើក​ដំបូង​​របស់​ពួក​គេ ដែល​​​មិន​​ងាយ​ស្រួល​ដូច​សម័យ​បច្ចុប្បន្ន​ឡើយ។ ​


    done

    ​​**​តាម​ពិត​ទៅ​​ការ​បង្កើត​កម្មវិធី​សម្រាប់​អ្នក​រៀន​​សរសេរ​កូដ​លើក​ដំបូង​ឈ្មោះ Hour of Code ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​អង្គការ Code.org ក្នុង​គោល​បំណង​ដើម្បី​បង្រៀន​ដល់​សិស្សានុសិស្ស​ដែល​ចង់​ចេះ​ពី​ការ​សរសេរ​កូដ​​​​​ផ្សេងៗ​​។ ​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: លោក Obama ក្លាយ​ជា​មេ​ដឹក​នាំ​​​អាមេរិក​​​​​ដំបូង​គេ​ដែល​អាច​​សរសេរ​កូដ​​​​បាន​ Rating: 5 Reviewed By: Unknown
    Scroll to Top