• ព័ត៌មានថ្មី

    Friday, December 5, 2014

    ឈ្មោះ ‘គីម ជុង​អ៊ុន’​ មាន​តែ​មួយ​គត់​ ហាម​មិន​ឲ្យ​អ្នក​ផ្សេង​ប្រើ

    កូរ៉េខាងជើង​ពី​មុន​ធ្លាប់​ដាក់​បញ្ជា​ឲ្យ​ប្រុស​ៗ​កាត់​សក់​យក​ម៉ូដ​តាម ​មេដឹកនាំ​របស់​ខ្លួន ប៉ុន្តែ​ពេល​នេះ​ប្លែក​ខុស​លើក​មុន ព្រោះ​ប្រទេស​នេះ​បាន​ចេញ​បម្រាម​ថ្មី​មួយ​ គឺ​ហាម​ដាក់​ឈ្មោះ​តាម​លោក គីម ជុងអ៊ុន។ ចំណែក​ឯ​អ្នក​ដែល​មាន​ឈ្មោះ​ដូច​មេដឹកនាំ​វ័យ​ក្មេង​នេះ​ហើយ ត្រូវ​ប្ដូរ​ចេញ​ទាំង​អស់។


    ​មេដឹកនាំវ័យ​ក្មេង​របស់​​កូរ៉េខាងជើង គីម ជុងអ៊ុន

    ឈ្មោះ គីម ជុង​អ៊ុន មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​សម្រាប់​ទារក​កើត​ថ្មី​ទេ។ ​ចំណែក​អ្នក​មាន​ឈ្មោះ​នេះ​ហើយ​ត្រូវ​ប្ដូរ​ចេញ​ជា​បន្ទាន់ ទាំង​នៅ​លើ​សំបុត្រ​បញ្ជាក់​កំណើត និង​នៅ​លើ​សំបុត្រ​បញ្ជាក់​ទី​លំនៅ​ផង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន KBS ដែល​ដក​ស្រង់​សម្ដី​ផ្ទាល់​ពី​មន្ត្រី​កូរ៉េខាងជើង។

    បម្រាម​នេះ ពី​មុន​មក​ធ្លាប់​ធ្វើ​លើ​អតីត​មេដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​ពីរ​រូប​​រួច​ ទៅ​ហើយ គឺ​ឪពុក​របស់​មេដឹកនាំ​បច្ចុប្បន្ន​ឈ្មោះ គីម ជុង​អ៊ីល និង​ជីតា​ឈ្មោះ​គីម អ៊ីល​ស៊ុង។ ក្រសួង​បង្រួបបង្រួម​របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​អ្នក​ភ្ជាប់​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​កូរ៉េខាងជើង មិន​អាច​បញ្ជាក់​បាន​ភ្លាមៗ​ពី​បម្រាម​នេះ​ទេ ប៉ុន្តែ​និយាយ​ថា​វា​អាច​ទៅ​រួច។

    គេ​នៅ​​មិន​ទាន់​ដឹង​ថា ​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​ប្រើ​ឈ្មោះ ​”គីម ជុង​អ៊ុន” ដូច​មេដឹកនាំ​កូរ៉េខាងជើង​នេះ​ទេ ប៉ុន្តែ “គីម” គឺ​ជា​ត្រកូល​ដែល​គ្រួសារ​ទូទៅ​តែង​ប្រើ ចំណែក​ឯ “ជុងអ៊ុន” គឺ​ជា​ឈ្មោះ​ដ៏​ពេញ​និយម​​នៅ​ប្រទេស​កុម្មុយនិស្ត​អាស៊ី​មួយ​នេះ៕ ​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ឈ្មោះ ‘គីម ជុង​អ៊ុន’​ មាន​តែ​មួយ​គត់​ ហាម​មិន​ឲ្យ​អ្នក​ផ្សេង​ប្រើ Rating: 5 Reviewed By: Unknown
    Scroll to Top