• ព័ត៌មានថ្មី

    Tuesday, December 9, 2014

    ហេតុផល​៥​យ៉ាង​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​ល្អ​សម្រាប់​រាងកាយ​​

    ក្រោយ​ពី​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​រួច ជា​ធម្មតា​គ្រប់​គ្នា​តែង​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ និង​ងងុយ​គេង​។ អ្នក​ខ្លះ​និយាយ​ថា​ មិន​ចង់​គេង​ថ្ងៃ ព្រោះ​ខ្លាច​ក្លាយ​ជា​ទម្លាប់ តែ​អ្នក​ទាំង​នោះ​មិន​បាន​ដឹង​ថា​ការ​គេង​ថ្ងៃ​ត្រឹម​តែ​ ២០​ទៅ ៣០​នាទី​អាច​​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រាង​កាយ។ សូម្បី​តែ​បុគ្គល​ល្បី​មួយ​ចំនួន​ក៏​តែង​តែ​គេង​ថ្ងៃ​មួយ​ភ្លែត ក្រោយ​អាហារ​ពេល​ថ្ងៃ​ដែរ​ ដូច​ជា អធិរាជ​បារាំង Napoleon ប្រធានាធិបតី​ Jonh F. Kennedy លោក​ Thomas Edison ជាដើម។

    Beautiful-Blond-Woman-Having-an-Afternoon-Nap
     
    តាម​ការ​ពិសោធន៍​បាន​ឲ្យ​ដឹង​ថា​ ការ​គេង​ថ្ងៃ​ផ្ដល់​គុណ​ប្រយោជន៍​ដល់​រាង​កាយ​ចំនួន​៥​យ៉ាង​៖
     
    ១. បង្កើន​សមត្ថភាព​នៃ​ការ​ប្រុង​ប្រយ័ត្ន​៖
     
    ស្ថាប័ន​ដំណេក​ជាតិ  (National Sleep Foundation) ​​បាន​ផ្ដល់​អនុសាស​ថា ការ​គេង​ថ្ងៃ​ក្នុង​រយៈ​ពេល​មួយ​ខ្លី​ ចន្លោះ​ពី​២០ ទៅ​៣០​នាទី​ អាច​ជួយ​ជំរុញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ជួយ​ឲ្យ​អ្នក​ធ្វើការ​ដោយ​គ្មាន​សភាព​ធីងធោង ឬ​រងីរងើ​ឡើយ​។

    ២. បង្កើន​សមត្ថភាព​រៀន​សូត្រ និង​ការ​ចងចាំ​៖
     
    ការ​បិទ​ភ្នែក​សម្រាក​ក្នុង​រយៈ​ពេល​ណាមួយ​ គឺ​ជា​ការ​ផ្សារភ្ជាប់​ជាមួយ​ដំណើរ​ការ​យល់​ដឹង​ ដូច្នេះ​វា​គ្មាន​អ្វី​ចម្លែក​ទេ ដែល​ថា​ការ​គេង​ថ្ងៃ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ខួរ​ក្បាល​នោះ​។ បើ​សិន​អ្នក​អាច​គេង​ថ្ងៃ​បាន​មួយ​ម៉ោង ឬ​ដល់​ទៅ​៩០​នាទី អ្នក​នឹង​មាន​អារម្មណ៍​ថា​ភាព​អស់​កម្លាំង​ផ្នែក​ស្មារតី​នឹង​រលាយ​បាត់​ ពេល​អ្នក​ក្រោក​ឡើង​។

    ៣. បង្កើន​គំនិត​ច្នៃ​ប្រឌិត​៖
     
    តើ​អ្នក​ធ្លាប់​នឹក​ឃើញ​ដំណោះ​ស្រាយ​បញ្ហា​អ្វី​មួយ​ រាល់​ពេល​ក្រោក​ពី​ដំណេក​ទេ​? ពិត​ណាស់ លោក​វេជ្ជបណ្ឌិត​ Sandra C. Mednick អ្នក​និពន្ធ​សៀវភៅ “គេង​ថ្ងៃ​ អាច​កែ​ប្រែ​ជីវិត​អ្នក​” បាន​បក​ស្រាយ​ថា​ ការ​គេង​ថ្ងៃ​អាច​ធ្វើ​ឲ្យ​សមត្ថភាព​វិញ្ញាណ​ផ្នែក​មើល ស្ដាប់ និង​រសជាតិ​ដំណើរការ​បាន​កាន់​តែ​ល្អ​។ លើស​ពី​នេះ ការ​គេង​ថ្ងៃ​នេះ​ឯង អាច​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ ព្រោះ​តែ​អ្នក​បាន​សម្រាក​ខួរ​ក្បាល​ក្នុង​អំឡុង​ពេល​គេង​។

    ៤. ជួយ​ឲ្យ​អ្នក​អាច​សម្រេច​ការងារ​បាន​ច្រើន​៖
     
    ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ធ្វើ​ការ​ភាគ​ច្រើន​កំពុង​វិវត្តន៍​ខ្លួន​ទៅ​ជា​បាត់បង់​​សមត្ថភាព​សម្រេច​ការងារ​ ដោយ​សារ​តែ​ពួក​គេ​ប្រឹង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ពេក​។ ការ​គេង​ថ្ងៃ​មាន​ប្រយោជន៍​ខ្លាំង​ដល់​បុគ្គលិក​ដែល​ត្រូវ​ការ​ប្រើ​ខួរ​ក្បាល​ច្រើន ដែល​វា​ល្អ​ជាង​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​នៅ​ពេល​រសៀល​ទៅ​ទៀត​។

    ៥. កាត់​បន្ថយ​អារម្មណ៍​ស្ត្រេស៖
     
    ដោយ​សារ​តែ​ខួរ​ក្បាល​ធ្វើ​ការ​ពេញ​កន្លះ​ថ្ងៃ​មក​ហើយ ដូចនេះ​ បើ​អ្នក​មិន​បាន​សម្ងំ​គេង​សូម្បី​តែ​២០ ទៅ​៣០​នាទី​ទៀត សាក​ស្រមៃ​ទៅ​មើល​ថា​ខួរ​ក្បាល​អ្នក​អាច​ដំណើរ​ការ​ទៅ​បាន​ល្អ​ទៀត​ដែរ​ឬ​ទេ​? ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា​ អារម្មណ៍​ស្ត្រេស(តប់​ប្រមល់) ​ទាំង​ឡាយ​នឹង​បាត់​ទៅ​វិញ ឬ​មិន​អាច​កើត​មាន​បាន​ទេ ប្រសិន​បើ​អ្នក​បាន​ចំណាយ​ពេល​ខ្លី​មួយ​ដើម្បី​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បាន​សម្រាក​ខ្លះ​។

    ​ដូច​បាន​រៀបរាប់​ខាង​លើ ការ​គេង​ថ្ងៃ​មិន​មែន​ជា​ទង្វើ​មិន​គប្បី​ទេ ទោះ​បី​ជា​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ​។ ចំណែក​អ្នក​ដែល​ធ្លាប់​គិត​ថា​ ការ​គេង​ថ្ងៃ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាប់ ក៏​ជា​ការ​គិត​មិន​ត្រឹម​ត្រូវ​ដែរ ព្រោះ​ត្រឹម​តែ​ការ​ធ្មេញ​ភ្នែក​មួយ​រយៈ​ ទោះ​ខ្លី​ ឬ​វែង ក៏​វា​អាច​ជួយ​ដល់​រាងកាយ​របស់​អ្នក​បាន​ច្រើន​គួរ​សម​។

    រយៈ​ពេល​នៃ​គេង​ថ្ងៃ​ដែល​អាច​មាន​ផល​ល្អ​បំផុត​ គឺ​ការ​គេង​ចន្លោះ​ពី​ ២០ ទៅ​៣០​នាទី ហើយ​គួរ​គេង​នៅ​ម៉ោង​ដដែល​រាល់​ថ្ងៃ​ដោយ​បិទ​ភ្លើង​ ចៀស​វាង​ភ្លើង​​ភ្លឺ​ចាំង​​ភ្នែក​៕

    ប្រិយមិត្ត​យល់​យ៉ាង​ណា​ចំពោះ​ការ​បក​ស្រាយ​ខាង​លើ​?

    • Blogger Comments
    • Facebook Comments
    Item Reviewed: ហេតុផល​៥​យ៉ាង​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​ល្អ​សម្រាប់​រាងកាយ​​ Rating: 5 Reviewed By: Unknown
    Scroll to Top