• ព័ត៌មានថ្មី

    Thursday, September 11, 2014

    អតីត​តារា​ស្រី​ម្នាក់​ចូល​សិល្បៈ​បាន​ ៣ ​ខែ ក៏​ឈប់​វិញ ព្រោះ​មិន​ព្រម​លះបង់​ខ្លួន​ប្រាណ

    “មាន​បុរស​ម្នាក់​ប្រាប់​ខ្ញុំ​ថា គេ​អាច​ជួយ​ឲ្យ​ខ្ញុំ​ហ្នឹង! មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​វិស័យ​សិល្បៈ​បាន ដូច​ជា ​តារា​ផ្សេង​ទៀត​អញ្ចឹង​ដែរ ដរាប​ណា​ខ្ញុំ​ហ៊ាន​លះបង់​ខ្លះ គឺ​ត្រូវ​លះបង់​ខ្លួន​ប្រាណ​ជា​ថ្នូរ​ហ្នឹង​ឯង”។
    ខាង​លើ​នេះ ជា​ការ​លើក​ឡើង​របស់​យុវតី​ម្នាក់​ឈ្មោះ អាដា (ឈ្មោះ​​ស្នើ​ពី​សាមី​ខ្លួន) មាន​វ័យ ​១៨​ ឆ្នាំ​ កំពុង​រស់​នៅ​ក្រុង​ភ្នំពេញ។ យុវតី​រូប​នេះ រំលឹក​ឲ្យ ​Sabay ដឹង​ថា នាង​ធ្លាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​ត្រឹម​តែ​ ៣​ ខែ ​ប៉ុណ្ណោះ ហើយ​ក៏​ឈប់​ទៅ​វិញ ព្រោះ​មិន​អាច​ទទួល​យក​សំណើ​របស់​អ្នក​ដឹក​នាំ​រឿង​មួយ​ចំនួន ដែល​ជារឿយៗ​ទាមទារ​ឲ្យ​នាង​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​ពូក​គេ ដោយ​ប្ដូរ​បាន​មក​វិញ​នូវ​មុខ​មាត់ និង ​កេរ្តិ៍​ឈ្មោះ​នៅ​ក្នុង​សង្គម​សិល្បៈ ខណៈ​មនុស្ស​ភាគ​ច្រើន​កំពុង​តម្រង់​ជូរ​រង់​ចាំ​អាជីព​នេះ។


    ​រូប​តំណាង​
    អាដា បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អំឡុង​ខែ​ ឧសភា ឆ្នាំ​ ២០១៤ ​កន្លង​មក​នេះ តាម​រយៈ​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ​ម្នាក់​ជា​អ្នក​សិល្បៈ ដោយ​មិន​បាន​ប្រកួត​ប្រជែង​អ្វី​នោះ​ទេ។ ប៉ុន្តែ​ជីវិត​សិល្បៈ​របស់​នាង​មិន​បាន​បង្កើត​សមិទ្ធផល​ច្រើន​នោះ​ទេ មាន​តែ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី និង ​ថត​ចម្រៀង​ដាក់​ស្ប៉ត​មួយ​ប៉ុណ្ណោះ។
    អាដា បញ្ជាក់​ថា៖ “សម្រាប់​នរណា​ហ៊ាន គេ​ល្បី​ហើយ ប៉ុន្តែ ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ គឺ​មិន​ព្រម មិន​ចង់​ល្បី បែប​អញ្ចឹង​ទេ។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មាន​ការងារ​ធ្វើ​ដែរ​ល្មម​រស់​បាន ដោយ​មិន​បាច់​ធ្វើ​បែប​នោះ​ក៏​បាន​ដែរ”។ នាង​បន្ថែម​ថា បុរស​ជា​អ្នក​មាន​បទ​ពិសោធន៍​សិល្បៈ​ម្នាក់​នោះ បាន​សន្យា​ជាមួយ​នាង​ថា នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​ល្បី​ក្នុង​សិល្បៈ​បាន ដូច​ជា​មាន​ឱកាស​ថត​ស្ប៉ត, បង្ហាញ​ម៉ូដ, ថត​ចម្រៀង​ខារ៉ាអូខេ និង​ បាន​ថត​រឿង​ជា​ដើម។
    ហេតុ​ផល​ ខាង​លើ យុវតី​រូប​នេះ បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​វិស័យ​នេះ​ទៅ​វិញ នៅ​អំឡុង​ដើម​ខែ ​កញ្ញា ​នេះ ហើយ​ក៏​ត្រលប់​ទៅ​រៀន​បន្ត​ជំនាញ​គិលានុបដ្ឋាយិកា​ឆ្នាំ​ទី ​៣ នៅ​សាកល​វិទ្យាល័យ​មួយ​វិញ និង ​ជួយ​លក់​ទំនិញ​ម្ដាយ​នៅ​ផ្ទះ​ជា​ធម្មតា។ ទោះ​បី​ជា​យ៉ាង​ណា អតីត​តារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា នាង​នៅ​តែ​បន្ត​ទទួល​ថត​ស្ប៉ត​ពាណិជ្ជកម្ម ឬ​ទស្សនាវដ្ដី​បាន​ដូច​ពី​មុន។ នោះ​មិន​មែន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ដោះដូរ​ខ្លួន​ប្រាណ​ដូច​អ្វី ដែល​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក​នោះ​ទេ។

    កន្លង ​មក​ធ្លាប់​មាន​ព័ត៌មាន​ បន្ត​ពី​មាត់​ទៅ​មាត់​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដោះដូរ​ខ្លួន​ប្រាណ​របស់​តារា​ខ្មែរ​មួយ​ចំនួន​ ជាថ្នូរ​ ​ទៅ​នឹង​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​សិល្បៈ។ អំឡុង ​៣​ ខែ ​មុន ក៏​មាន​តារា​ស្រី ​២​ រូប​សម្រេច​ចិត្ត ទម្លាយ​ប្រាប់​ពី​រឿង​នេះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ក៏មាន​ការ​លើកឡើង​ផងដែរ​ថា អ្នក​និពន្ធ និង​ អ្នក​ដឹក​នាំ​សម្ដែង​តាម​ផលិតកម្ម​ជា​អ្នក​មាន​ឱកាស​បាន​ខ្លួន​តារា​ញឹក​ ញាប់​ជាង​គេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អតីត​តារា​ស្រី​ម្នាក់​ចូល​សិល្បៈ​បាន​ ៣ ​ខែ ក៏​ឈប់​វិញ ព្រោះ​មិន​ព្រម​លះបង់​ខ្លួន​ប្រាណ Rating: 5 Reviewed By: Unknown
    Scroll to Top