• ព័ត៌មានថ្មី

    Thursday, September 18, 2014

    មុន​មាន​ថ្ងៃ​នេះ Messi ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ?

    មុន​ល្បី​ឈ្មោះ​ដល់​កំពូល​ដូច​សព្វ​ថ្ងៃ​ Lionel Messi ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​​ជា​ច្រើន។ ​​ក្រដាស​មួយ​សន្លឹក​​ខាង​ក្រោម​នេះ ​គឺ​ជា​អ្នក​ផ្លាស់​ប្ដូរ​ជីវិត​​របស់ Messi ឲ្យ​ប្រែ​ក្លាយ​ពី​ក្មេង​មាន​ជំងឺ​ជាប់​នឹង​ខ្លួន ​ទៅ​​ជា​បុគ្គល​​ជោគជ័យ​មួយ​ក្នុង​លោក។​ វា​ជា​​ក្រដាស​​កិច្ច​សន្យា​ដំបូង ​ដែល​កុមារា​ Lionel Andres Messi ចុះ​​ហត្ថលេខា​​លេង​​នៅ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ FC Barcelona។
    messi
    មុន​ឈាន​ទៅ​ដល់​ការ​ចុះ​ហត្ថលេខា​​ដែល​មាន​បែបបទ​ត្រឹម​ត្រូវ​បែប​នេះ Messi បាន​ឆ្លង​កាត់​រឿង​រ៉ាវ​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​មាន​ដូច​ខាង​ក្រោម៖

    អាយុ ​៥ឆ្នាំ Messi បាន​ចាប់​ផ្ដើម​លេង​ឲ្យ​ក្រុម​ក្នុង​តំបន់​ដែល​ខ្លួន​រស់​នៅ គឺ​ក្រុម​ Grandoli ដែល​បង្ហាត់​ដោយ​ឪពុក​របស់​ខ្លួន​ផ្ទាល់ (Jorge Horácio Messi)។

    ភាព​លេច​ធ្លោ​ក្នុង​ក្រុម បាន​ធ្វើ​ឲ្យ​កុមារា​មាឌ​តូច​ល្អិត​នេះ​ អាច​ផ្លាស់​ទៅ​លេង​នៅ​ក្រុម​​ល្បី​គួរ​សម​ គឺ Newell’s Old Boys ​ស្ថិត​ក្នុង​ទីក្រុង​ Rosario ក្នុង​វ័យ​ត្រឹម​៨ឆ្នាំ។

    ក្រុម​ល្បី​របស់​អាហ្សង់ទីន River Plate បាន​ចាប់​អារម្មណ៍​ចង់​បាន Messi ​ដែរ នៅ​ពេល​ដែល​គេ​មាន​អាយុ​១១ឆ្នាំ​ ប៉ុន្តែ​បាន​ដក​ចិត្ត​ចេញ​វិញ​ ដោយ​សារ​ពេល​នោះ រូប​គេ​​មាន​ជំងឺ​​អ័រម៉ូន​មិន​លូតលាស់។ ការ​សម្រេច​​​មិន​យក Messi គឺ​ដោយ​សារ​ក្លិប​នេះ​មិន​ចង់​ចំណាយ​លុយ​ ៩០០ដុល្លារ​ក្នុង​​មួយ​ខែ​សម្រាប់​ថ្លៃ​ព្យាបាល។

    ចៃដន្យ​ល្អ ប្រធាន​​ផ្នែក​កីឡា​របស់ Barcelona បាន​ដឹង​ពី​សមត្ថភាព​របស់ Messi ក៏​បាន​អនញ្ញាតិ​ឲ្យ​ឪពុក​ Messi នាំ​កូន​​ប្រុស​របស់​ខ្លួន​ទៅ​សាកល្បង​សមត្ថភាព​ដល់​អេស្ប៉ាញ។ ក្រោយ​​បង្ហាញ​សមត្ថភាព​រួចរាល់​​ហើយ ក្លិប​អ្នក​មាន​បុណ្យ​បាន​ទទួល​យក​ ប៉ុន្តែ​កិច្ច​សន្យា​ដំបូង​នា​ពេល​នោះ គឺ​មិន​មែន​មួយ​សន្លឹក​ខាង​លើ​នេះ​ទេ គឺ​គ្រាន់​តែ​សរសេរ​នៅ​លើ​ក្រដាស​អនាម័យ​មួយ​ប៉ុណ្ណោះ។ កិច្ច​សន្យា​ដែល​ធ្វើ​ឲ្យ​កុមារា​ Messi ត្រូវ​ផ្លាស់​ទៅ​អេស្ប៉ាញ​ជា​អចិន្ត្រៃយ៍​នោះ ​ក៏​​មាន​ន័យ​ថា Barca ត្រូវ​ផ្ដល់​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ​ទាំង​ស្រុង​ផង​ដែរ។


    បន្ទាប់​ពី​នោះ​មក Messi បាន​លេច​មុខ​ក្នុង​ឈុត​យុវជន​​របស់ Barcelona និង​បាន​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​គ្រាប់​​​ ពី​ឆ្នាំ​២០០០ ដល់​២០០៣។ ចន្លោះ​ពេល​នោះ​ហើយ​ដែល Messi ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្លិប​ដ៏​ល្បី​នោះ ដូច​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​រូបភាព​ស្រាប់។ យ៉ាង​ណា​ក្ដី នៅ​ពេល​ដែល​ក្លិប​នេះ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នា​ឆ្នាំ​២០០៣ Messi បាន​ស្ថិត​ក្នុង​បញ្ជី​ដែល​ត្រូវ​ជម្រុះ​ចេញ​ពី​ក្លិប ប៉ុន្តែ​​គ្រូ​ក្នុង​ឈុត​យុវជន​​បាន​ទទូច​សុំ​ឲ្យ​ក្លិប​រក្សា​ទុក​វិញ​ (Cesc Fabregas ត្រូវ​ជម្រុះ​ចេញ​​នា​ពេល​នោះ)។

    នៅ​ថ្ងៃ​ទី​១៦ ​ខែ​តុលា ឆ្នាំ​២០០៤ គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ Frank Rijkaard បាន​ដាក់​ឲ្យ Messi លេង​ក្នុង​ជំនួប​រវាង Barcelona និង Espanyol ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​បំផុត​​ប្រចាំ​​ប្រវត្តិសាស្រ្ដ​ក្លិប Barcelona (១៧ឆ្នាំ ១១៤ថ្ងៃ) ដែលអាច​​​ចូល​លេង​នៅ​ក្របខណ្ឌ​កំពូល​អេស្ប៉ាញ La Liga (កំណត់ត្រា​នេះ​ត្រូវ​បាន​បំបែក​ដោយ Bojan Krkić នៅ​ឆ្នាំ២០០៧)។

    បច្ចុប្បន្ន ​ Messi ជា​​​ម្ចាស់​កំណត់ត្រា​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​ក្នុង​ក្លិប​តែ​មួយ​​ ប្រចាំ​​​អេស្ប៉ាញ ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​បំផុត​លំដាប់​ទី​២​​​​ក្នុង​ប្រវត្តិសាស្រ្ដ La Liga និង​ជា​ម្ចាស់​កំណត់ត្រា និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត បូក​រួម​​ទាំង​ពាន FIFA Ballon d’Or ចំនួន​៤​ផង​ដែរ។

    កាល​ពី​ថ្ងៃ​ពុធ​ ទី១៧ កញ្ញា​ម្សិលមិញ​នេះ Barcelona ក៏​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​ Messi កាល​ពី​កុមារភាព​ ដើម្បី​អបអរ​ខួប​លើក​ទី​១៤ នៃ​ការ​មក​ដល់​របស់​កីឡាករ​ ២៧ឆ្នាំ​នេះ​ផង​ដែរ (រូប​ខាង​ក្រោម)។​
    រូបភាព​ដែល​បង្ហោះ​ក្នុង​ទំព័រ Instagram របស់ Barcelona
    A
    Messi ពេល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន

    • Blogger Comments
    • Facebook Comments
    Item Reviewed: មុន​មាន​ថ្ងៃ​នេះ Messi ធ្លាប់​ឆ្លង​កាត់​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ? Rating: 5 Reviewed By: Unknown
    Scroll to Top