• ព័ត៌មានថ្មី

    Thursday, September 11, 2014

    ហេតុ​ផល​ធំ​នៅ​​ពី​​ក្រោយ​ការ​ហាម​​​មិន​​ឲ្យ​កីឡា​ករ​​អុំទូក​ឆ្នាំ​នេះ​​​​​ស្លៀក​សំលៀក​បំពាក់​​ផ្សាយ​​ពាណិជ្ជកម្ម

    បន្ទាប់​ពី​​​អាក់​ខាន​​​​​​បី​ឆ្នាំ​ជាប់​​​គ្នា ​ព្រះរាជ​ពិធី​​បុណ្យ​​អុំ​ទូក​​ឆ្នាំ​នេះ ​ត្រូវ​បាន​​រាជរដ្ឋាភិបាល​​ប្រ​កាស​រៀប​ឡើង​វិញ​​​ ជាមួយ​នឹង​​​វិធាន​​ការ​ ​សន្តិសុខ​​សណ្ដាប់​ធ្នាប់​​តឹង​រឹង​​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​​។ ក្នុង​​នោះ​​អ្វី​ដែល​​គួរ​​ឲ្យ​​ចាប់​អារម្មណ៍​ ព្រះ​រាជ​ពិធី​​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​​ គណៈកម្មាធិការ​រៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរ​ជាតិ​​​​បាន​​​ហាម​​ប្រាម​​មិន​​ឲ្យ​កីឡាករ​​​ស្លៀក​​សំលៀក​ បំពាក់​ខោអាវ​​ភ្ជាក់​ស្លាក​សញ្ញាផ្សាយ​ពាណិជ្ជកម្ម​នោះ​​ឡើយ​​។
    ​ ថ្លែង​ក្នុង​​​​កិច្ច​ប្រជុំ​ របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​ និង​​អន្តរជាតិ ដែល​ត្រូវ​បាន​​រៀប​ចំ​ ​ម្សិល​​មិញ​​នៅ​​សាល​សន្និសីទ​​ ចតុ​មុខ​ ​សម្តេចចៅហ្វា​វាំង គង់ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម រាជ​វាំង បាន​មាន​ប្រសាសន៍​​ថា​​ ​សម្លៀកបំពាក់​កីឡាករ​អុំទូក ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានភ្ជាប់ និម្មិត​សញ្ញា​​​ផ្សាយពាណិជ្ជកម្ម​ របស់​ក្រុមហ៊ុន​ណា​ឡើយ គឺ​តម្រូវ​ឲ្យ​ស្លៀកពាក់​ជា​ប្រពៃណី​ខ្មែរ​ទាំងអស់ ព្រោះ​ថា ​​នេះ​គឺ​ជា​​ព្រះរាជ​ពិធី​បែប​​ប្រពៃ​ណី​ មិន​មែន​យុទ្ធនាការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នោះ​ទេ។ ម្យ៉ាង​ការ​រៀប​ចំ​​ស្តង់​​ក្រុមហ៊ុន​ឯកជន​ ចាប់​ពី​ក្រុម​ប្រឹក្សា​​​អភិវឌ្ឍន៍​កម្ពុជា​មក​ដល់​វត្ត​ឧណ្ណាលោម​ក៏​ត្រូវ ​​បាន​​ហាម​​ឃាត់​ផង​ដែរ។ ​
    ​​
    ព្រះរាជ ​ពិធីបុណ្យ​អុំទូក បណ្តែត ​ប្រទីប ​និង​សំពះ​ព្រះ​ខែ ​អកអំបុក ​មាន​រយៈពេល ​៣ ​ថ្ងៃ​​ចាប់ ​ថ្ងៃ​​ទី​៥ ដល់​ថ្ងៃ​​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ​នៅ​តាម​ដង​ទន្លេសាប​ មុខ​ព្រះបរមរាជវាំង​។​

    ជុំវិញ​​បញ្ហា​នេះ​ លោក​ ប៉ូ​ សំណាង​ ប្រធាន​មជ្ឈមណ្ឌល​​វប្បធម៌​ជាតិ​ និង​សីលធម៌​សង្គម​​ បាន​គាំទ្រ​ទាំង​ស្រុង​នូវ​​​​ការ​ហាម​​ប្រាម​ខាង​លើ​​ ព្រោះ​​ថា​ ព្រះ​រាជ​ពិធី​បុណ្យ​​​អុំ​ទូក ត្រូវ​បាន​ចាត់​ទុក​ជា​បុណ្យ​ប្រជាប្រិយ​ខ្មែរ​។ ប៉ុន្តែ​​យ៉ាង​ណា​មិញ​ បើ​គ្មាន​​ការ​ចូល​រួម​របស់​វិស័យ​​ឯកជន​​ តើ​យើង​អាច​ទ្រទ្រង់​ការ​​ចំណាយ​ដ៏​ច្រើន​នេះ​បាន​ដែរ​ឬ​ទេ?។ លោក​​បាន​បន្ថែម​​ថា​​ យើង​គួរ​បែង​ចែក​ឲ្យ​ដាច់​ និង​ផ្ដល់​ឱកាស​ដល់​ក្រុមហ៊ុន​​​ ក្នុង​ស្រុក​ ដែល​​លើក​ស្ទួយ​ផលិត​ផល​ខ្មែរ​ ទៅ​​ឆាក​អន្តរ​ជាតិ​បាន​ស្គាល់​ ក្នុង​នោះ​មាន​​ផលិត​អង្ករ​ និង​ស្នាដៃ​ផ្នែក​សិល្បៈ​វប្បធម៌​​ជា​ដើម​។
    ខណៈ ​មនុស្ស​ប្រមាណ ៣ លាន​ ៥ សែន​ នាក់​នឹង​សម្រុក​មក​រាជ​ធានី​ភ្នំពេញ​ ក្នុង​ឱកាស​ព្រះ រាជពិធី​បុណ្យ​អុំ​ទូក លោក ប៉ូ សំណាង បាន​ផ្ដល់​​យោបល់​ថា​​ អាជ្ញាធរ​​​គួរ​បង្កើត​ទីតាំង​សមស្រប​ណា​មួយ​ដល់​ក្រុម​ហ៊ុន​​ឯកជន​ ដើម្បី​បាន​បញ្ចេញ ​ស្នាដៃ​​ផ្សព្វផ្សាយ​នូវ​ផលិត​ផល​របស់​ខ្លួន​​ ក្នុង​នោះ​មាន​វត្ត​ភ្នំ​​ និង​ស្តាត​អូឡាំពិក​ជា​ដើម ដើម្បី​បញ្ចៀស​ការ​​​​ប្រមូល​ផ្តុំ​ខ្លាំង​នៅ​មុខ​ព្រះ​​បរម​រាជវាំង​ និង​តំបន់​កោះ​ពេជ្រ​៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ហេតុ​ផល​ធំ​នៅ​​ពី​​ក្រោយ​ការ​ហាម​​​មិន​​ឲ្យ​កីឡា​ករ​​អុំទូក​ឆ្នាំ​នេះ​​​​​ស្លៀក​សំលៀក​បំពាក់​​ផ្សាយ​​ពាណិជ្ជកម្ម Rating: 5 Reviewed By: Unknown
    Scroll to Top