ការស្រលាញ់ជាសង្សារអាចកើតឡើងបានត្រឹមមួយប៉ប្រិចភ្នែកប៉ុន្តែការជួបគ្នាជាគូរអនាគតមួយជីវិតមិនមែនជារឿងងាយស្រួលឡើយ។ នេះជាទស្សនៈរបស់យុវជន អ៊ុច ថាវ អាយុ ២៧ ឆ្នាំមុខរបរជាជាងមាសនៅផ្សារឈូក ក្នុងស្រុកឈូក ខេត្តកំពត ។
“ខ្ញុំធ្លាប់មានសង្សារ ៣ នាក់ ម្នាក់រៀបការរួចហើយ ពីរនាក់ទៀតបែកគ្នាដោយសារគេឈប់រៀន ហើយទំនងមិនបានជួបគ្នាផងខ្ញុំក៏ខ្ជិលតស៊ូទៅ”។
ដោយអះអាងថាខ្លួនជាបុរសស្មោះស្នេហ៍ចង់បានស្នេហាមួយទល់នឹងមួយ ថាវ បានចែកបទពិសោធន៍ថា នារីៗត្រូវចេះពិនិត្យមើលតើបុរសដែលចូលទៅសុំស្រលាញ់នាងនោះពិតជាចង់បាននាងជាគូរអនាគតមែនអត់។
“ទីមួយប្រុសៗដែលគេចង់បានយើងជាភរិយាមួយជីវិត គេគោរពយើងណាស់ គេមិនដែលនិយាយអីអោយបាត់កិត្តិយសគ្នាជាស្រីទេ។ប្រសិនបើគេបបួលយើងដើរលេងគេគិតណាស់ថា ទៅហ្នឹងសមទេ អាហ្នឹងគេស្រលាញ់យើងមែនមិនចង់អោយយើងខូចខាតទេ ចំពោះពួកម៉ាកគេក៏ដោយ ពួកម៉ាកណាល្អបានណែនាំអោយស្គាល់។ សំខាន់គេនិយាយជាមួយពីរឿងអនាគត ពីរឿងរៀបការអីហ្នឹង អាហ្នឹងគេស្មោះហើយ មិនមែននិយាយតែមាត់ទេក៏មានមនុស្សប្រុសខ្លះនិយាយសន្យាកោកៗតែមិនដែលទៅអើតផ្ទះយើង ស្គាល់បងប្អូន ម៉ែពុកយើង អាហ្នឹងយើងត្រូវប្រយ័ត្ន”។
ថាវ បានបែកពីសង្សារទី ២ដោយសារនាងជាកូនគ្រួសារអ្នកមានបាន ដែលគេគិតថា មិនអាចជួបគ្នាជាគូរអនាគតបាន។ ”ពុកគេថៅកែទឹកកក គេជាអ្នករកស៊ី ដំបូងខ្ញុំគិតថា ខ្ញុំក៏មិនអត់ការធ្វើដែរ តែក្រោយពេលចង់ទៅលេងផ្ទះគេ គេប្រាប់ត្រង់ថា ប្រហែលមិនងាយបានជួបគ្នាទេព្រោះពុកគេប្រកាន់ណាស់ គេដឹងច្បាស់។ ដំបូងពិបាកចិត្តតិចៗ តែនៅបន្តជួបគ្នា ប៉ុន្តែក្រោយមកគិតសព្វៗទៅខ្ជិលចង់ចំណាយពេលជាមួយរឿងហ្នឹង ព្រោះយើងក៏មានម្ដាយឪពុកយើងត្រូវគិតអនាគតមិនមែនគិតតែលេងសើចៗទេ”។
ប៉ុន្តែយុវជនទាំងអស់មិនមែនសុទ្ធតែមានគំនិតដូច ថាវ នោះទេ។ នៅស្រុកឈូកដដែល ហេង ទីអាយុ ២៥ ឆ្នាំមុខរបរលក់គ្រឿងបន្លាស់យានយន្តនិយាយផងសើចផងជាមួយអ្នកយកព័ត៌មានSabayថា សម្រាប់ប្រុសៗការលេងសើច និងមានសង្សារច្រើន គឺជា រឿងធម្មតា។
“បើម្នាក់ៗមានសង្សារហើយត្រូវតែរៀបការ ប្រុសៗយើងមិនដឹងជាត្រូវមានប្រពន្ធប៉ុន្មានដងហើយទេមែនទេបង?”។ ទីធ្លាប់មានសង្សារច្រើនគួរសមតាំងពីនៅរៀនរហូតដល់ចេញរកស៊ីហើយគេនិយាយថា នោះជារឿងធម្មតាសម្រាប់យុវវ័យ។
”ចាំយើងការប្រពន្ធហើយអាហ្នឹងចំាគិតទៀត! បើពេលហ្នឹងយើងមានប្រពន្ធកូនហើយគឺចប់ហើយធ្វើផ្ដេសផ្ដាសអត់បានទេ”។
នៅពេលសួរថា តើក្នុងចំណោមសង្សារទាំងអស់ធ្លាប់គិតពីអនាគតទេ យុវជនហេងទីឆ្លើយភ្លាមថា មិនមានសោះតែម្ដង។
“ម្យ៉ាងគិតថាយើងក៏ក្មេងគេក៏ក្មេងមិនដឹងទៅថ្ងៃមុខអាម៉េចខ្លះ។ ម្យ៉ាងខ្លាចម៉ែឪមិនព្រម ចឹងមិនដែលគិតទេ ។ តែធម្មតាស្រីៗបើយើងមិននិយាយថាចង់បានគេជាអនាគតគេម៉េចព្រមស្រលាញ់យើង ចឹងបើគេសួរយើង យើងចេះតែនិយាយអោយរួចៗទៅតែតាមពិតរឿងការ មិនមែនចេះតែការទេ ទាល់តែម៉ែឪយើងពេញចិត្តដែរ ហើយទាល់តែយើងមានលុយរកស៊ីខ្លួនឯងផង សម្រាប់ខ្ញុំវានៅឆ្ងាយណាស់រឿងអនាគតនោះ” ។
ដូច្នេះ Sabay ក៏សួរបន្តថា ប្រសិនបើទីមានប្អូនស្រី ហើយចង់អោយដំបូន្មាននាងថា ត្រូវមើលបុរសយ៉ាងម៉េចដើម្បីដឹងថា គេចង់បាននាងជាអនាគត រឺ ត្រឹមលេងសើចនោះ?
“គឺយើងត្រូវមើលវ័យគេ។ បើក្មេងៗដូចគ្នាអត់ការធ្វើនៅរៀនគ្មានលុយ នៅចាយលុយម៉ែគឺមិនអាចទៅរួចទេ។ មួយទៀតជួនកាលមនុស្សហ្នឹងដល់វ័យយកប្រពន្ធហើយគេក៏មានលុយដែរតែគេអាចថាបោកយើងលេងសើចក៏មាន ត្រូវចាំថា បុរសកម្រជ្រើសរើសយកនារីដែលគេងាយស្រួលបណ្ដើរទៅជាអនាគតណាស់។ បើខ្ញុំវិញចង់បានស្រីណាជាប្រពន្ធមែន ទាល់តែតាមស៊ើបច្បាស់លាស់ ហើយមិនអោយសាមីខ្លួនគេដឹងទេ បើត្រូវចិត្តគឺអោយចាស់ៗចូលនិយាយតែម្តង”។
តើគំនិតយុវជនទំាងពីរនៅស្រុកឈូក ខេត្តកំពត ត្រូវគ្នានឹងការយល់ឃើញរបស់មិត្តអ្នកអានដែរ រឺ យ៉ាងណា? សូមបញ្ចេញយោបល់នៅខាងក្រោមនេះព្រោះយុវនារីជាច្រើនកំពុងចង់បានចម្លើយថាមើលម៉េចដឹងថាគេស្រលាញ់យើងជាអនាគត?