ស្តេចស Real Madrid នឹងបើកកីឡដ្ឋាន Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុម Liverpool ក្នុងវគ្គជម្រុះតាមពូល B ពានរង្វាន់ UEFA Champions League នាម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ។
ការប្រកួតជើងទី១នៃក្រុមទាំងពីរគឺ Real Madrid អាចឈ្នះក្នុងដី Liverpool ៣-០ ចុះមកដី Real Madrid វិញថាតើក្រុមលោក Brendan Rodgers អាចសងសឹងវិញបានដែរអត់ឬក៏ត្រូវក្រុមលោក Carlo Ancelotti ស៊ីថែមទៀត?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Carlo Ancelotti បាននិយាយមុននេះបន្តិចថា៖ “ក្រុមយើងលេងបានល្អណាស់ប៉ុន្មានប្រកួតមកនេះ យើងប្រកួតយប់នេះដែរយើងក៏ដឹងថាវាសំខាន់ប៉ុណ្ណាដែរ។ គ្រប់ការប្រកួតខ្ញុំតែងតែប្រាប់ទៅកីឡាករទាំងអស់ថាមិនត្រូវមើលស្រាលគេនោះទេព្រោះនោះជាចំណុចខ្សោយរបស់យើង។ Bale អាចលេងវិញបានហើយ ប៉ុន្តែខ្ញុំនៅមិនទាន់ថាត្រូវឱ្យគេចូលលេងក្នុងប្រកួតនេះឬអត់ទេ ព្រោះដូចអ្នកទាំងអស់គ្នាបានដឹងហើយ Isco ក៏គេមានទម្រង់លេងល្អដែរ។ ប្រកួតយប់នេះខ្ញុំសន្យាថាមិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះទេ”។
ដោយឡែកខាងលោក Brendan Rodgers វិញបាននិយាយក្រោយទៅដល់ទឹកដីអេស្ប៉ាញថា៖ “នេះជាការប្រកួតធំណាស់សម្រាប់សប្ដាហ៍នេះ យើងនឹងព្យាយាមយក៣ពិន្ទុពី Real ឱ្យបាន។ ខ្ញុំដឹងថា Real មានទម្រង់លេងល្អខ្លាំងណាស់រដូវកាលនេះព្រោះកីឡាករគេម្នាក់ៗមានទំនុកចិត្តខ្ពស់ហើយលេងសហការគ្នាបានល្អថែមទៀត។ CR7 មិនត្រឹមតែជាខ្សែប្រយុទ្ធមុតស្រួចទេ តែគេជាតួអង្គចែកបាល់មួយដ៏សំខាន់ផងដែរ។ បើយើងបិទតែគេម្នាក់នោះមាន១០នាក់ទៀតដែលអាចរកគ្រាប់បាល់បាន ដូច្នេះយើងមិនត្រូវលេងទម្រង់ការពារពេកនោះទេ”។
ជើងកីឡាករ
Real Madrid នឹងត្រូវអវត្តមានកីឡាករច្រើនដែរដូចជា Jese (ជង្គង់), Carvajal (របួសភ្លៅ), Fabio Coentrao (ជង្គង់), Illaramendi (មិនច្បាស់) , Khedira (មិនច្បាស់) ។ ចំណែកឯ Gareth Bale វិញអាចចូលមកហ្វឹកហាត់បានវិញជាធម្មតាហើយ។ ដូច្នេះជម្រើស១១នាក់របស់លោក Ancelotti អាចជា Casillas, Arbeloa, Pepe, Ramos, Marcelo, Modrić, Kroos, Isco, James, Ronaldo និង Benzema ។
ចំពោះក្រុម Liverpool វិញមានកីឡាករ៤នាក់ដែរ ដែលមិនអាចចូលលេងបានគឺ Sakho (ជង្គង់) , Flanagan (ជង្គង់) , Suso (កំភួនជើង) , Enrque (ជង្គង់) ។ ដោយឡែកកីឡាករ Sturridge ហ្វឹកហាត់បានតែត្រូវលោក Rodgers និយាយថាប្រហែលមិនអាចលេងបានទេ។ ដូច្នេះជម្រើស១១នាក់របស់ក្រុមនេះអាចជា Mignolet, Johnson, Lovren, Škrtel, Moreno, Allen, Gerrard, Henderson, Sterling, Coutinho និង Balotelli ។
ប្រវត្តិជួបគ្នា
Real Madrid និង Liverpool ធ្លាប់បានជួបគ្នាតែ៤ដងគត់ ហើយ Liverpool ឈ្នះទាំង៣ដងនិងចាញ់ម្ដង។ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៩ នៅទឹកដី Real Madrid ក្រុម Liverpool ឈ្នះ ១-០ ឯនៅថ្ងៃ ១១ ខែមិនា ឆ្នាំ២០០៩ Liverpool ស៊ី Real ៤-០ ក្នុងដីខ្លួនឯង ខណៈកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ១៩៨១ Liverpool ឈ្នះ Real ១- ០ ហើយលើកចុងក្រោយគឺថ្ងៃទី២២ខែតុលានេះដែល Real Madrid អាចសងសឹកក្នុងដី Liverpool ៣-០។
ព្យាករណ៍សម្រាប់គូនេះ Real Madrid ៤-០ Liverpool ។
ប្រកួតយប់នេះក៏មានច្រើនគូទៀតដែរគឺ៖