ថ្មីៗនេះមានព័ត៌មានជាច្រើនចុះផ្សាយថា Angel Di Maria មិនសប្បាយចិត្តនៅ Manchester United នោះទេ ប៉ុន្តែពេលនេះសាមីខ្លួនបានចេញមកអះអាងហើយថាពាក្យអេចអូចទាំងនោះមិនមែនជាការពិតទេ។ មិនត្រឹមតែនិយាយថានៅ Old Trafford ធ្វើឱ្យគេសប្បាយប៉ុណ្ណោះទេ ខ្សែបម្រើរូបនេះក៏បានបញ្ជាក់ទៀតដែរថា បានលេងជាមួយ Wayne Rooney ដូចលេងជាមួយ Messi អីចឹង ហើយរដូវកាលក្រោយបិសាចក្រហមនឹងមានមុខនៅ Champions League ថែមទៀតផង។
ក្នុងកម្មវិធីថតពាណិជ្ជកម្មឱ្យ Adidas កាលពីម្សិលមិញខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ “ខ្ញុំមិនដែលអាក់អន់ចិត្តនោះទេពេលមកដល់ Man Utd ទោះជាក្រុមនេះមិនបានលេង Champions League ក៏ដោយ។ គោលបំណងរបស់ខ្ញុំគឺធ្វើយ៉ាងណាជួយក្រុមឱ្យឈានឡើងទៅមុខគឺបានហើយ ទោះជាពេលនេះ ខ្ញុំមិនសូវរកគ្រាប់បាល់បានមែន ប៉ុន្តែខ្ញុំអាចបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលបាន។ ការដែលបានលេងជាមួយខ្សែប្រយុទ្ធដូចជា Rooney គឺមិនខុសអីនឹងបានលេងជាមួយ Messi នោះទេ ”។
លើសពីនេះទៅទៀត ចំពោះសំនួរដែលសួរថា តើពេលរូបគេធ្វើអ្វីខ្លះអំឡុងព្រឹត្តិការណ៍ប្រកួត UEFA Champions League នោះ ខណៈដែលបិសាចក្រហមដេកផ្ទះ? បុរសវ័យ២៦ឆ្នាំរូបនេះសើចឆ្លើយថា៖ “ខ្ញុំមិនមើលការប្រកួត Champions ទេ អំឡុងពេលសម្រាកនោះខ្ញុំប្រលែងលេងជាមួយកូនស្រីរបស់ខ្ញុំគឺសំខាន់ជាង។ តែនេះគឺសម្រាប់តែរដូវកាលនេះទេ សម្រាប់រដូវកាលក្រោយបិសាចក្រហមនឹងមានមុខនៅ Champions League វិញហើយ”។
ភរិយា Di Maria បង្ហោះរូបជាមួយកូនគាំទ្រស្វាមីរបស់ខ្លួន និងក្លិបបិសាចក្រហម
Di Maria ដែលទើបតែចូលលេងនៅ Man Utd រដូវកាលនេះ រកគ្រាប់បាល់បាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assists) បាន២០ដងមកហើយ។ ស្ថិតីនេះ បានធ្វើឱ្យអតីតកីឡាកររបស់ Real Madrid រូបនេះក្លាយជាកីឡាករដែល Assists ច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុបឆ្នាំ២០១៤នេះ៕