លីកកំពូលអង់គ្លេស Premier League ឈានដល់សប្ដាហ៍ទី១៣ហើយយប់នេះ។ ក្រុមខ្លាំង៨គូ នឹងត្រូវប៉ះគ្នា ដែលក្នុងនោះកីឡដ្ឋាន Old Trafford នឹងត្រូវកក្រើកជាថ្មីដែរ ដោយក្រុមបិសាចក្រហមទទួលភ្ញៀវ Hull City នាម៉ោង១០យប់។ តើ Manchester United អាចយក៣ពិន្ទុពីក្រុមភ្ញៀវបានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ៖
ទូរទស្សន៍ BBC បានស្រង់សម្ដីអ្នកចាត់ការ Man Utd លោក Luis van Gaal ថា៖ “ខ្ញុំធូរចិត្តបន្តិចហើយដែលបាននាំក្រុមឡើងមកកាន់ Top 4 ហើយក៏រីករាយដែរពេលប្រកួតប៉ះ Hull City។ យ៉ាងណាក៏ដោយ ខ្ញុំមិនភ្លេចខ្លួននោះទេ។ ទោះបី Hull City ឈរនៅលេខរៀងទី១៧មែន តែយើងមិនអាចមើលស្រាលបានទេ។ Falcao អាចជួយក្រុមបានវិញក្នុងការប្រកួតនេះ ហើយពួកយើងក៏បានត្រៀមខ្លួនរួចហើយដែរ”។
ឯលោក Steve Bruce អ្នកចាត់ការ Hull វិញ បាននិយាយថា៖ “Man Utd រដូវកាលនេះមិនដូចពីរដូវកាលមុននោះទេ។ ពួកគេបានពង្រឹងខ្លួនបានល្អពីរប្រកួតចុងក្រោយរហូតបានដំណែង Top 4 ហើយមហិច្ឆតាពួកគេក៏មិនធម្មតាដែរ។ ក្រុមយើងបានត្រៀមខ្លួនរួចហើយក្នុងជំនួបនេះ ទោះនៅក្រៅផ្ទះក៏ដោយយើងគ្មានសម្ពាធនោះទេ”។
ព័ត៌មានក្រុមទាំងពីរ៖
Man Utd ឈរលេខរៀងទី៤ មាន ១៩ពិន្ទុ ឯ Hull City ឈរលេខរៀងទី១៧ មាន១១ពិន្ទុ។
ប្រវត្តិជួបគ្នា៦ដងនៅ Premier League បិសាចក្រហមឈ្នះទាំង៦ដង ដែល៥ដងក្នុងចំណោម៦ប្រកួតនោះ Man Utd អាចស៊ុតចូលយ៉ាងតិច៣គ្រាប់។
បើគិតគ្រប់ពានរង្វាន់ ជួបគ្នា៧ដងចុងក្រោយ Man Utd ឈ្នះ៤ ស្មើ២ និងចាញ់ Hull តែម្ដងគត់។ ចាញ់ម្ដងនោះ គឺចាញ់ពេលប៉ះគ្នានៅ Division 2 តាំងពីឆ្នាំ១៩៧៤។
ជំនួបរវាងក្រុមទាំង២នាពេលកន្លងមក
ជើងកីឡាករ៖
សម្រាប់ Man Utd ទោះបីជា Rojo បានចូលហ្វឹកហាត់វិញ ក៏មិនទាន់ប្រាកដថាអាចចូលលេងជម្រើសដំបូងបានដែរ តែ Falcao ចូលលេងបានហើយ។ ចំណែកកីឡាករដែលអវត្តមាន រួមមាន Jone (របួសជង្គង់) Shaw (របួសកែងជើង) Blind (របួសជង្គង់) Lingard (របួសជង្គង់)។
ជម្រើសដំបូងរបស់អាចមានដូចជា៖ Dea Gea, Smalling, MacNair, Anderson, Valencia, Fellaini, Carrick, Young, Di Maria, Falcao, Rooney។
Hull City នឹងអវត្តមានខ្សែប្រយុទ្ធ Abel Hernandez (បញ្ហាផ្ទាល់ខ្លួន) Gaston Ramirez (ជាប់បម្រាម) និង Snodgrass (របួសជង្គង់)។
ជម្រើសដំបូងរបស់លោក Steve Bruce៖ Harper, Jakupovic, Maguire, Rosenior, Bruce, Meyler, Brady, Quinn, Sagbo, Aluko, McShane ។
ព្យាករណ៍របស់ Sabay គឺ Man Utd ៣-១ Hull City។ ចុះប្រិយមិត្តវិញទស្សន៍ទាយលទ្ធផលគូនេះយ៉ាងណាដែរ?