បច្ចុប្បន្ននេះ មហាយក្សកុម្មុយនិស្តអាស៊ីចិន កំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំងលើឆាកអន្តរជាតិ និងក្នុងចំណោមប្រទេសមហាអំណាចនានា។ បន្ទាប់ពីគ្រងតំណែងសេដ្ឋកិច្ចកំពូលលើលោក ប្រទេសដែលមានប្រជាជនច្រើនជាងគេនេះ បានប្រឹងប្រែងអភិវឌ្ឍខ្លួនឥតឈប់ឈរ។ កាលពីមុននេះបន្តិច មានរបាយការណ៍ថ្មីមួយបានបង្ហាញថា ចិនហក់មកឈរនៅលេខ២ ក្នុងចំណោមប្រទេសមានទីផ្សារភាគហ៊ុនធំជាងគេលើលោក ដោយទម្លាក់ជប៉ុនទៅលេខ៣ វិញ។
ព័ត៌មានដ៏គួរទុកចិត្តនេះ ត្រូវចេញផ្សាយដោយកាសែតជប៉ុន The Japan Times ដែលមានទីតាំងនៅទីក្រុងតូក្យូ។ កាលពីថ្ងៃព្រហស្បតិ៍ តម្លៃទីផ្សារភាគហ៊ុនចិនកើនឡើងដល់ទំហំទឹកប្រាក់ ៤៤៨០ពាន់លានដុល្លារ បន្ទាប់ពីមានការស្ទុះឡើង ៣៣% ក្នុងឆ្នាំនេះ។ ចំណែកទីផ្សារភាគហ៊ុនជប៉ុនវិញ បានធ្លាក់ចុះនៅសល់ត្រឹម ៤៤៦០ពាន់លានដុល្លារ បន្ទាប់ពីដាំក្បាលចុះ ៣,២% តាំងពីចុងខែធ្នូ។ នេះបើតាមទិន្នន័យដែលរៀបរៀងឡើងដោយ គេហទំព័រ Bloomberg របស់សហរដ្ឋអាមេរិក។
ការដណ្ដើមយកតំណែងពីជប៉ុននាពេលនេះ បានធ្វើឲ្យចិនឈរនៅលំដាប់ទី២ ក្នុងចំណោមប្រទេសមានទីផ្សារភាគហ៊ុនធំជាងលើលោក តាមពីក្រោយសហរដ្ឋអាមេរិក។ នេះគឺជាលើកទីមួយក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដែលចិនបានហក់មកឈរលើជប៉ុនវិញ។
មូលហេតុដែលធ្វើឲ្យជប៉ុនចុះខ្សោយរហូតចិនឆក់បានតំណែងនេះ គឺបណ្ដាលមកពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់យេនធៀបនឹងដុល្លារអាមេរិក ចំណែកឯចិនវិញមានសន្ទស្សន៍កើនឡើង ៣ដងបើប្រៀបធៀបនឹងជប៉ុន។ ក្រៅពីនេះ នៅមានហេតុផលមួយចំនួនទៀត ដូចជាកើនឡើងទំហំសេដ្ឋកិច្ច និងគោលការណ៍បើកចំហចំពោះវិនិយោគិនជាដើម។
នេះគឺជាលើកទី២ ហើយ ដែលចិនធ្វើឲ្យជប៉ុនខកចិត្ត និងធ្លាក់លេខលើឆាកអន្តរជាតិ បន្ទាប់ពីប្រទេសកុម្មុយនិស្តអាស៊ី ឆក់យកតំណែងសេដ្ឋកិច្ចលេខ២ លើលោក ពីរដ្ឋាភិបាលក្រុងតូក្យូកាលពីឆ្នាំ២០១០ កន្លងទៅ៕