បុរសជនជាតិកូរ៉េខាងត្បូង លោក ឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូបង្វឹករបស់ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games
ស៊ន សៀវម៉ី ផ្នែកកីឡាតេក្វាន់ដូ WTF (World Tekwando Federation)
ក្នុងក្រុមជម្រើសជាតិកម្ពុជា បានបង្ហើបរឿងសម្ងាត់ខ្លះៗ
របស់សិស្សឆ្នើមរបស់ខ្លួន ក្រោយត្រឡប់មកដល់ប្រទេសកម្ពុជា វិញ។
លោក ឆយ និង សិស្សឆ្នើមរបស់លោក
ជនជាតិបរទេសដែលនិយាយភាសាខ្មែរបាន
ប៉ៃឡាំៗ រូបនេះបានលើកឡើងថា៖ «គេម្នាក់នេះ (សៀវម៉ី) ឆាប់ចេះ
ឆាប់យល់ ពីអ្វីដែលខ្ញុំបង្រៀន។ …បើខ្ញុំបង្រៀនគេ ១
គេចង់ចេះដល់ទៅ២ ខ្ញុំបង្រៀនប៉ុណ្ណេះ គេចង់ចេះប៉ុណ្ណោះ…»។
លោកថា សៀវម៉ី មានកម្ពស់ខ្ពស់ ជើងវែង
កាយសម្បទាល្អ អំណោយផលក្នុងការហ្វឹកហាត់កីឡាតេក្វាន់ដូ ប្រភេទ WTF
ដែលជាកីឡាមានដើមកំណើតមកពីប្រទេសកូរ៉េខាងត្បូង។ ទោះជាសៀវម៉ី
ដណ្ដើមបានមេដាយលំដាប់ទ្វីបអាស៊ី ក៏ពិតមែន
ប៉ុន្ដែលោកគ្រូបង្វឹករូបនេះនៅតែសម្លឹងឃើញពីចំណុចខ្វះខាតរបស់
សិស្សខ្លួន រួមមាន នៅខ្សោយទាំងផ្នែកបច្ចេកទេស និង ទាំងកម្លាំង
ដែលបណ្ដាមកពីការហ្វឹកហាត់មិនបានគ្រប់គ្រាន់និង ពេញលេង។
ឆ្លើយតបនឹងសំនួរថា
មេដាយមាសលំដាប់ថ្នាក់តំបន់អាស៊ាន និង មេដាយក្នុងទ្វីបសៀវម៉ី
ដណ្ដើមបានហើយ ចុះលោកមានគិតថាកម្រិតសៀវម៉ី
អាចដណ្ដើមបានមេដាយនៅកីឡាកម្រិតពិភពលោក គឺកីឡាអូឡាំពិក
បានដែរឬទេ? លោក ឆយ សង្កត់ធ្ងន់ថា៖ «ខ្ញុំមិនកំណត់ច្បាស់នោះទេ
ព្រោះអូឡាំពិកជាការប្រកួតលំដាប់ពិភពលោក
ប៉ុន្ដែរឿងនេះខ្ញុំបានពិភាក្សាជាមួយសាមីខ្លួនដែរ ហើយយើងមានពេល
២ ឆ្នាំទៀតក្នុងការត្រៀមខ្លួន»។
លោក ឆយ
ជាអតីតគ្រូបង្វឹកកីឡាតេក្វាន់ដូ
នៅក្នុងជួរកងទ័ពប្រទេសកូរ៉េខាងត្បូង បានមកដឹកនាំក្រុមតេក្វាន់ដូ
WTF របស់កម្ពុជា តាំងពីឆ្នាំ ១៩៩៦
មកម៉្លេះហើយធ្លាប់នាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើន
លើក និងដណ្ដើមបានមេដាយត្រឡប់មកវិញជាបន្តបន្ទាប់ផងដែរ៕