• ព័ត៌មានថ្មី

    Thursday, October 16, 2014

    Neymar រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ពេល​ឈ្នះ​ជប៉ុន​ម្សិល​មិញ

    ក្រុម​សាំ​បា​ប្រេស៊ីល​បាន​លត់​​ក្រុម​ខ្លាំង​ របស់​អាស៊ី​សាម៉ូរ៉ៃ​​ខៀវ​ជប៉ុន​ក្នុង​លទ្ធផល​ចាស់​ដៃ​ ៤​ ទល់​នឹង​ ០​ ក្រោម​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona នា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ម្សិល​មិញ​នេះ​ នៅ​កីឡដ្ឋាន​ជាតិ​ប្រទេស​សិង្ហបុរី។



    Neymar2

    ខ្សែ​ប្រយុទ្ធ​ដែល​តែង​តែ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ ប្រេស៊ីល​រូប​នេះ​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ដំបូង​នៅ​នាទី​ទី​១៨​ បន្ទាប់​ពី​ទទួល​បាល់​ពី​ Diego Tardelli ហើយ​លទ្ធផល​បាន​រក្សា​រហូត​ដល់​ចប់​តង់​ទី​១។ ចូល​ដល់​តង់​ទី​២​ លេង​ទើប​តែ​បាន​ពីរ​នាទី​អតីត​យុវជន​ក្រុម​ Santos រូប​នេះ​បាន​បន្ថែម​គ្រាប់​ទី​ពីរ​របស់​ខ្លួន​បាន​សម្រេច​ ក្រោយ​ការ​បញ្ជូន​បាល់​ដាច់​យ៉ាង​ល្អ​ពី​ Coutinho។

    ប្រេស៊ីល​នៅ​តែ​បន្ត​វាយ​លុក​យ៉ាង​ខ្លាំង​ហើយ​នៅ​នាទី​ទី​៧៧​ Neymar បាន​ធ្វើ​ហែកទ្រីក​បាន​សម្រេច​ ដោយ​ការ​ស៊ុត​បន្ថែម​បាល់​ដែល​ប្លាត​ពី​ការ​សង្គ្រោះ​របស់​អ្នក​ចាំ​ទី​ ជប៉ុន​ មុន​ពេល​ដែល​តែត​បន្ថែម​គ្រាប់​ទី​៤​របស់​ខ្លួន​នៅ​នាទី​ទី៨១​ ដែល​ធ្វើ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​ ប្រេស៊ីល​ ៤‑០​ ជប៉ុន។

    គិត​ចាប់​ពី​ការ​ចូល​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​សារ​ជា​ថ្មី​ លោក​ Dunga មិន​ទាន់​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ខក​ចិត្ត​នោះ​ទេ​ ដោយសារ​តែ​៤​ប្រកួត​កន្លង​មក​គ្រូ​បង្វឹក​រូប​នេះ​អាច​រក​បាន​ជ័យ​ជម្នះ​ ទាំង​៤​ប្រកួត​ជាប់ៗ​គ្នា​ ក្នុង​នោះ​ឈ្នះ​កូឡុំប៊ី​ ១‑០​ ហើយ​ឈ្នះ​ អេក្វាឌ័រ​ ១‑០​ កាល​ពី​ខែ​មុន។ ថ្ងៃ​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន​នេះ ​ប្រេស៊ីល​ទើប​តែ​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​រង​ World Cup 2014 អាហ្សង់ទីន​ ក្នុង​លទ្ធផល​ ២‑០​ នៅ​ទីក្រុង​ប៉េកាំង​ មុន​ពេល​បន្ត​មក​លត់​ជប៉ុន​ ៤‑០​ នៅ​សិង្ហបុរី​កាល​ពី​ម្សិល​មិញ​នេះ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Neymar រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ពេល​ឈ្នះ​ជប៉ុន​ម្សិល​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top