• ព័ត៌មានថ្មី

    Saturday, October 25, 2014

    ទាយ​​ទាំង​អស់​គ្នា​ Real​ ប៉ះ​ Barca ​យប់​នេះ​ ក្រុម​ណា​ឈ្នះ?

    ការ​ប្រកួត​​ដែល​អ្នក​​ស្រលាញ់​បាល់ទាត់​ទន្ទឹង​រង់ចាំ​ នឹង​មក​ដល់​នៅ​ម៉ោង​១១:០០យប់​នេះ​ហើយ​ គឺ​ជំនួប El Clasico ​ដែល​ជា​ការ​ជួប​គ្នា​​រវាង​ក្រុម​យក្សអេស្ប៉ាញ​ទាំង​២​ គឺ​​ Real Madrid ​និង​ Barcelona។

    ៨ប្រកួត​នៅ La Liga កន្លង​មក Barca នៅ​កំពូល​តារាង​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ (ស្មើ១) ហើយ​ក៏​មិន​ទាន់​មានក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដែរ ខណៈ​ Real ចាញ់​២​ប្រកួត​ ស្ថិត​នៅ​លេខ​៣។ តើ​យប់​នេះ ក្រុម​ម្ចាស់ផ្ទះ​ស្ដេច​ស​​ អាច​បញ្ចប់​កំណត់ត្រា​​​របស់​ក្រុម​អ្នក​មាន​បុណ្យ​បាន​ឬ​អត់?



    សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ៖

    លោក Carlo Ancelotti ​បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “គ្មាន​ការ​ប្រកួត​ណា​ដែល​មិន​គិត​ទៅ​លើ​អ្នក​ប្រយុទ្ធ​នោះ​ទេ ការ​ប្រកូត​ដូច​ធ្វើ​សង្គ្រាម​អីចឹង​ ខ្សែ​ប្រយុទ្ធ​ដូច​ទៅ​នឹង​ទ័ព​ស្រួច​ បើ​ទ័ព​នោះ​ខ្សោយ​ហើយ យើង​គ្មាន​ថ្ងៃ​ឈ្នះ​នោះ​ទេ។ ប៉ុន្តែ​តំបន់​ការពារ ​គឺ​រឹត​តែ​សំខាន់​ថែម​ទៀត​ មាន​ទ័ព​ស្រួច​តែ​គ្មាន​របាំង​ការពារ​ខ្លួន​ឯង​ក៏​គ្មាន​ថ្ងៃ​ឈ្នះ​ដែរ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ Barca ​រដូវ​កាល​នេះ​ខ្លាំង​ទាំង​ព្រម ពួកគេ​ពេញ​ជើង​ល្អ​ណាស់​ហើយ​អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ​គេ​មាន​ Suarez ​ថែម​ម្នាក់​ទៀត។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​នៅ​លើ​លោក​នេះ​គ្មាន​មួយ​ណា​ដែល​ថា​អត់​ចំណុច​ខ្សោយ​នោះ​ទេ យើង​ត្រូវ​រក​កន្លែង​នោះ​ឱ្យ​ឃើញ”។

    ងាក​ទៅ​ខាង​លោក Luis Enrique ​ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ Barcelona ​វិញ​បាន​និយាយ​ដែរ​ថា៖ “យើង​ត្រូវ​ដើរ​ទៅ​មុខ​ជា​និច្ច មិន​ត្រូវ​ខ្ជះខ្ជាយ​ពេល​វេលា​នោះ​ទេ ត្រូវ​គ្រប់​គ្រង​បាល់​ឱ្យ​បាន​ច្រើន​ដើម្បី​រក​ជ័យ​ជម្នះ។ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ជួប​ Real Madrid ​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេក្នុង​ការ​យក​ជ័យ​ជម្នះ​ ជា​ពិសេស​ក្នុង​ទឹក​ដី​គេ​តែ​ម្ដង។ លោក Ancelotti ​ជា​មនុស្ស​អស្ចារ្យ​ខ្លាំង​ណាស់​ ការ​គ្រប់​គ្រង​ក្រុម​របស់​គាត់​ផ្លាស់​ប្ដូរ​ជា​និច្ច ដូច្នេះ​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​បំផុត។ នេះ​ជា​ឱកាស​ល្អ​ខ្លាំង​ណាស់​ដែល​យើង​មាន​ Suarez ​មក​បន្ថែម​កម្លាំង​ក្នុង​យប់​នេះ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​រំពឹង​ថា​គេ​អាច​ជាប់​ជម្រើស​ដំបូង​ដែរ”។

    ជើង​កីឡាករ​

    Real Madrid ​នៅ​តែ​អវត្តមាន​កីឡាករ​សំខាន់ Gareth Bale ​ដដែល​នៅ​យប់​នេះ ខណៈ​ដែល​ Sergio Ramos ​អាច​លេង​បាន​វិញ​ហើយ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​របស់​លោក​ Ancelotti ​អាច​មាន​ដូច​​ជា​ Casillas, Carvajal, Pepe, Ramos, Marcelo. James, Modric, Kroos, Isco, Ronaldo ​និង​ Benzema ។

    clasico

    ចំណែក​ខាង​អ្នក​មាន​បុណ្យ​ Barcelona ​វិញ​ ពេញ​ជើង​ល្អ​ណាស់​ ពោល​គឺ​មិន​មាន​កីឡាករ​ណា​ម្នាក់​អវត្តមាន​នោះ​ទេ ហើយ​ថែម​ទាំង​មាន​ Suarez ​មក​បន្ថែម​កម្លាំង​ថែម​ទៀត​ផង។ ចំពោះ​ជម្រើស​១១​នាក់​ដំបូង​អាច​មាន​ដូច​ជា Bravo, Alves, Mascherano, Mathieu, Alba; Rakitic, Busquets, Iniesta; Messi, Pedro និង​ Neymar។

    ប្រវត្តិ​ជួប​គ្នា

    Real Madrid ​និង​ Barcelona ​ធ្លាប់​ជួប​គ្នា ​១៦៨​ដង​មក​ហើយ​នៅ La Liga​ ដែល​ Real Madrid អាច​ឈ្នះ​៧០​ដង ​ស្មើ​៣២​ដង ​និង​ Barca ​វិញ​ឈ្នះ​៦៦​ដង។ បើ​និយាយ​ពី​៥​ប្រកួត​ចុង​ក្រោយ​វិញ​គឺ​ Real ​ឈ្នះ​៣​ដង ​ចាញ់​២​ដង។

    អ្វី​ដែល​គូរ​ដឹង

    Messi ​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ស៊ុត​ចូល​ច្រើន​ជាង​គេ​នៅ​ក្នុង​ជំនួប​ El Clasico ​​ដោយ​អាច​រក​​បាន​២១​គ្រាប់​ហើយ។ ចំណែក​ជ័យ​ជម្នះ​ធំ​បំផុត​របស់​ Real Madrid ​លើ​ Barca ​វិញ​នោះ​គឺ​នៅ​ឆ្នាំ​១៩៣៥​ ឈ្នះ​៨-២ ​ហើយ​ Barca ​វិញ​ជ័យ​ជម្នះ​ខ្លាំង​បំផុត​នោះ​គឺ​ឆ្នាំ​១៩៥០​ឈ្នះ ​៧-២។


    • Blogger Comments
    • Facebook Comments
    Item Reviewed: ទាយ​​ទាំង​អស់​គ្នា​ Real​ ប៉ះ​ Barca ​យប់​នេះ​ ក្រុម​ណា​ឈ្នះ? Rating: 5 Reviewed By: Unknown
    Scroll to Top