ការ សិក្សាមួយបានបង្ហាញថា ភាពឆ្លាតវៃរបស់មនុស្ស និងសិច អាចមានការជាប់ពាក់ព័ន្ធគ្នា។ រួមភេទជាប្រចាំ នឹងធ្វើឲ្យខួរក្បាលមនុស្សកាន់តែសកម្ម និងបំពេញតួនាទីបានយូរអង្វែង។ បន្ថែមលើសពីនេះ វាក៏អាចជួយពន្យារការឆាប់ភ្លេចភ្លាំងនៅពេលចាស់ជរាផងដែរ។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Mirror កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ក្រុមអ្នកស្រាវជ្រាវហុល្លង់ បានធ្វើការសិក្សាទៅលើមនុស្សវ័យចំណាស់ជាច្រើន រកឃើញថាចំណាប់អារម្មណ៍ក្នុងរឿងផ្លូវភេទកាន់តែខ្ពស់ មុខងារខួរក្បាលកាន់តែប្រសើរ និងមានភាពឆ្លាតវៃនៅអាយុ ៧១ឆ្នាំ។ លើសពីនេះទៅទៀត ពួកគេអាចមានការចងចាំល្អ គិតលឿន និងកម្រិតនៃការយល់ដឹងទូទៅខ្ពស់។ មិនមែនសម្រាប់តែមនុស្សចាស់ទេ សិចក៏អាចបង្កើនភាពឆ្លាតវៃសម្រាប់មនុស្សដែលទើបពេញវ័យផងដែរ ប្រសិនបើប្រព្រឹត្តទៅតាមក្បួនខ្នាតត្រឹមត្រូវនោះ។
ការសិក្សាពីប្រទេសអ៊ីតាលី មានភាពស៊ីគ្នាទៅនឹងការរកឃើញខាងលើនេះ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Pavia បានបង្ហាញថា រួមភេទជាប្រចាំអាចជំរុញការលូតលាស់ប្រព័ន្ធប្រសាទនៅក្នុងខួរ ក្បាល។ ចំណែកឯស្នេហា និងដំណាក់កាលដំបូងនៃទំនាក់ទំនង ក៏អាចជួយឲ្យរីកចម្រើនផ្នែកខួរក្បាលផងដែរ។
ការស្រាវជ្រាវទៅលើសត្វកណ្ដុរនៅសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បានបង្ហាញលទ្ធផលស្រដៀងគ្នានេះ។ កណ្ដុរដែលបានរួមភេទជាប្រចាំ មានការរីកចម្រើនផ្នែកគំនិតប្រាជ្ញា និងមុខងារខួរក្បាល ចំណែកកណ្ដុរដែលពុំមានការរួមភេទគ្រប់គ្រាន់ មានភាពចុះខ្សោយផ្នែកខួរក្បាល។
យ៉ាងណាមិញ ចង់ឲ្យសិចមានប្រយោជន៍ចំពោះអ្នក លុះត្រាតែអនុវត្តតាមក្បួនខ្នាតត្រឹមត្រូវ និងមានដៃគូជាប់លាប់មួយ។ បើពុំដូច្នោះទេ អ្នកមិនត្រឹមតែគ្មានទទួលគុណសម្បត្តិ ជួនកាលអាចបង្កទុក្ខទោសដល់ខ្លួនផង៕