ខ្សែ ប្រយុទ្ធ Luis Suarez នឹងក្លាយជាកីឡាករដំបូងគេដែលអាចពាក់ស្បែកជើងចាក់សាក់របស់ ក្រុមហ៊ុន Adidas ក្នុងការប្រកួតរវាងកុ្រម Barcelona ទល់នឹងក្រុម Rayo Vallecano នៅចុងសប្ដាហ៍នេះ។
Suarez ធ្លាប់បានថតពាណិជ្ជកម្មឱ្យក្រុមហ៊ុន Adidas ម្ដងមកហើយកាលពីប៉ុន្មានសប្ដាហ៍មុន ក្នុងឈុតពាណិជ្ជកម្មដែលមានឈ្មោះថា Love/Hate ។ ខណៈដែលពេលនេះទៀតសោត ខាងក្រុមហ៊ុនក៏បានផ្ដល់ឱកាសដល់អតីតខ្សែប្រយុទ្ធ Liverpool រូបនេះម្ដងទៀតក្នុងការដែលបានក្លាយជាកីឡាករបាល់ទាត់ដំបូងគេ បានពាក់ស្បែកជើងចាក់សាក់ខាងក្រៅរបស់ Adidas មានឈ្មោះថា F50 ។ បើយោងតាមអ្នករចនាម៉ូដរបស់ក្រុមហ៊ុនយក្សខាងលើនេះបានបញ្ជាក់ថា ស្បែកជើងមួយគូនេះត្រូវបានធ្វើឡើងដើម្បីទុកឱ្យកីឡាករណាដែល បានបង្ហាញសមត្ថភាពលើសគេនៅក្នុងក្រុម។
កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយរូបនេះបានជួយដល់អ្នកមានបុណ្យ ច្រើនក្នុងប៉ុន្មានប្រកួតមកនេះ ពោលគឺបានជួយ Barca យកឈ្នះ Man City ដោយលទ្ធផល ២-១ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ និងក្នុងការប្រកួតផ្សេងៗទៀត។ តួយ៉ាងដូចកាលពីយប់មិញនេះជាដើម រូបគេក៏មានចំណែកមួយក្រុមឡើងទីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ផងដែរ៕