Apple បានប្រកាសនូវ MacBook ជំនាន់ថ្មីមួយ ត្រូវបានរចនាឡើងមានរូបរាងស្អាត ស្ដើង និង ស្រាល ព្រមទាំងភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា និង មុខងារទំនើបៗជាងម៉ូដែលមុនៗ កាលពីថ្ងៃម្សិលមិញនៅក្នុងព្រឹត្តិការណ៍ Spring Forward។
MacBook ជំនាន់ថ្មីមួយនេះត្រូវបានរចនាឡើងដោយមានទំហំអេក្រង់ ១២ អ៊ីញ LED-backlit display ប្រភេទ Retina display ជាមួយនឹងបច្ចេកវិទ្យា IPS កម្រិត Resolution 2304 x 1440 pixels។ ពិសេសទៅទៀតនោះ វាមានកម្រាស់ត្រឹមតែ ១៣,១ម.ម ស្ដើងជាង MacBook Air ដល់ទៅ២៤ភាគរយ និងមានទម្ងន់ត្រឹមតែ ០,៩០ គ.កតែប៉ុណ្ណោះ ។
ជាមួយនឹងការរចនាថ្មីនេះដែរ MacBook ទំហំ១២អ៊ីញនេះមាន Keyboard ធំងាយស្រួលក្នុងការវាយ និងមាន Force Touch trackpad ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Force Click។ លើសពីនេះ ក្រុមហ៊ុន Apple ក៏បានកាត់បន្ថយចំនួនរន្ធ Port ដោយដាក់មកជាមួយរន្ធ Port ថ្មី USB-C ដែលអាចប្រើបានជាមួយនឹងប្រភេទខ្សែរផ្សេងៗគ្នាដូចជា VGA, HDMI និង DisplayPort។ ចំណែកឯថាមពលថ្មវិញក៏អាចប្រើបានយូរជាងម៉ូដែលមុនៗដែរ។
MacBook ជំនាន់ថ្មីនេះគឺមានពីរប្រភេទ ដោយមួយមាន CPU ល្បឿន 1.1GHz Intel Core M, ក្រាហ្វិកIntel HD 5300, RAM ទំហំ 8GB, និង SSD ទំហំ 256GB ដោយលក់ក្នុងតម្លៃ ១២៩៩ដុល្លារ និង មួយទៀតនោះគឺត្រូវបានបំពាក់ដោយ CPU ល្បឿន 1.2GHz ជាមួយទំហំ SSD 512GB លក់ក្នុងតម្លៃ ១៥៩៩ដុល្លារ។
MacBook ទំហំ ១២ អ៊ីញនេះនឹងចាប់ផ្ដើមដាក់លក់នៅថ្ងៃទី ១០ ខែមេសា និងមានបីព័ណ៌សម្រាប់ជ្រើសរើស គឺព័ណ៌ប្រាក់ ព័ណ៌មាស និង ព័ណ៌ប្រផេះ៕