វា មិនមែនជារឿងចម្លែកនោះទេ ដែលចិនមានទាហានវាយលុយប្រព័ន្ធបច្ចេកវិទ្យា ដែលគេហៅថាជាក្រុម hacker នោះ។ តែការដែលប្រទេសនេះចេញមកទទួលស្គាល់ការពិត ទើបជារឿងដែលមិនគួរឲ្យនឹកស្មានដល់។
សហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសជាច្រើនទៀត បានសង្ស័យប្រទេសកុម្មុយនិស្តជាយូរមកហើយ ថាជាអ្នកនៅពីក្រោយការវាយប្រហារតាមអនឡាញជាច្រើន។ ប៉ុន្តែការចោទប្រកាន់ទាំងនោះ ប្រទេសចិនតែងចេញមកបដិសេធជានិច្ច។
យ៉ាងណាក្ដី ទីបំផុត ចិនបានបើកកកាយអាថ៌កំបាំងឲ្យគេដឹងហើយ។ នៅក្នុងសៀវភៅយុទ្ធសាស្រ្ដយោធាវិទ្យាសាស្រ្ដលេខចុងក្រោយ ដែលសរសេរពីយោធាចិននោះ ក៏បានទម្លាយឲ្យដឹងពីទាហាន hacker របស់ប្រទេសនេះផងដែរ។
អ្នកជំនាញខាងយុទ្ធសាស្រ្ដយោធារបស់ចិននៅមជ្ឈមណ្ឌលស្រាវជ្រាវ សម្ងាត់ និងវិភាគ លោក Joe McReynolds បានប្រាប់សារព័ត៌មាន Daily Beast ថាចិនបានទទួលស្គាល់ការពិតនៃការប្រើប្រាស់ Hacker ហើយ។