Ashley Young បាននិយាយថា ក្រុម Manchester United នឹងទៅសម្លាប់ក្ដីសង្ឃឹមរបស់ Liverpool ខណៈដែលពួកគេកំពុងតែត្រៀមខ្លួនធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីប្រកួតតទល់គ្នា ប្រជែងយកចំណាត់ថ្នាក់ Top 4 នៅថ្ងៃអាទិត្យនេះ។
បន្ទាប់ពីឈ្នះក្រុម Tottenham Hotspur ៣-០ កាលពីចុងសប្ដាហ៍មុន បិសាចក្រហមហាក់ដូចកក់ក្ដៅគ្រាន់បើហើយ ដើម្បីឈរនៅចំណាត់ថ្នាក់កំពូលទាំង៤ ប៉ុន្តែពួកគេនឹងកាន់មានគម្លាតដាច់ឆ្ងាយទៀត បើសិនជាអាចយកឈ្នះក្រុមលេខ៥ ដែលជាគូប្រជែងស្លាប់រស់រាប់ឆ្នាំ (Liverpool) បានទៀត នៅចុងសប្ដាហ៍នេះ។
ទោះជាលទ្ធផលបានត្រឹមតែស្មើ ក៏ Man Utd មាន២ពិន្ទុក្នុងដៃ នាំមុខ Liverpool ដដែលដែរ ប៉ុន្តែខ្សែបម្រើ Ashley Young បានលើកឡើងថា បិសាចក្រហមត្រូវតែយកជ័យជម្នះឲ្យបាន ដើម្បីធានាបានថា នឹងអាចបញ្ចប់រដូវកាលនូវចំណាត់ថ្នាក់ Top 4 ខណៈដែលការប្រកួតនៅសល់ ៩ប្រកួតទៀត ជាពិសេសគឺ សម្លាប់ក្ដីសង្ឃឹមរបស់ក្រុមហង្សក្រហម ដែលចង់ប្រជែងយក Top 4 តែម្ដងផងដែរ។
ខ្សែបម្រើស្លាបវ័យ២៩ឆ្នាំរូបនេះ បាននិយាយថា៖ “យើងនឹងទៅទីនោះ (Anfield) ដើម្បីស្វែងរក៣ពិន្ទុពេញ។ យើងនឹងឈ្នះនៅទីនោះ។ យើងមិនអាចទៅ ដោយគ្រាន់តែចង់បានត្រឹមតែស្មើនោះទេ។ ពេលប៉ះ Spurs យើងលេងបានល្អណាស់ ប៉ុន្តែយើងនឹងជួបការប្រកួតមួយដ៏ពិបាកមួយទៀត ពេលប៉ះ Liverpool។ យើងត្រូវតែជឿជាក់ និងត្រូវតែយក៣ពិន្ទុឲ្យបានម្ដងទៀត”។
អ្នកចាត់ការ Louis van Gaal ត្រូវបានមតិជាច្រើនរិះគន់ ព្រោះតែការជ្រើសរើសជម្រើស១១នាក់ដំបូងខុសទំនង និងរៀបយុទ្ធសាស្ត្រមិនបានល្អ ធ្វើឲ្យ Man Utd ធ្លាក់ចេញពីពានរង្វាន់ FA Cup ក្រោយចាញ់ Arsenal។ ប៉ុន្តែអ្វីៗ ហាក់ប្រសើរ និងស្ងប់ស្ងាត់វិញហើយ បន្ទាប់ពីកាលពីចុងសប្ដាហ៍មុន ពួកគេលេងបានយ៉ាងល្អឥតខ្ចោះ ឬអាចនិយាយបានថា ជាការប្រកួតដ៏ល្អបំផុតមួយរបស់ពួកគេ នៅរដូវកាលនេះ៕