ក្រុម កំពូលតារាង Premier League របស់អង់គ្លេសតោខៀវ Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នាវេលាម៉ោង ២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ចាំមើលថា ក្រុមរបស់លោក José Mourinho អាចទម្លាក់ PSG ២រដូវកាលជាប់ៗគ្នា បានឬយ៉ាងណា ព្រោះកាលពីរដូវកាលមុន Chelsea បានទម្លាក់ក្រុមបារាំងមួយនេះ នៅវគ្គ៨ក្រុមចុងក្រោយ ដោយគ្រាប់បាល់ក្រៅដី។ រីឯការប្រកួត កាលពីជើងទី១ នៅទីក្រុងប៉ារីសកាលពីខែមុននោះ ក្រុមទាំង២នេះ បញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១។
សម្ដីអ្នកចាត់ការទាំង២៖
លោក José Mourinho អ្នកចាត់ការក្រុមតោខៀវ បាននិយាយពីខ្សែប្រយុទ្ធ Zlatan Ibrahimović របស់ PSG និងការប្រកួតយប់នេះថា៖ “ខ្ញុំមិនមានគម្រោងសម្រាប់បិទ Ibrahimović ទេ។ គាត់ជាកីឡាករ ដែលធ្វើឲ្យដៃគូជួបផលពិបាក។ គាត់ជាកីឡាករល្អ ប៉ុន្តែយើងផ្ដោតអារម្មណ៍ ទៅលើតែក្រុមយើងប៉ុណ្ណោះ។ កាលពីឆ្នាំមុន យើងចាញ់គេ ៣-១ ក្រៅផ្ទះ ដែលធ្វើឲ្យយើងលំបាក ប៉ុន្តែសម្រាប់រដូវកាលនេះ យើងមានអារម្មណ៍កក់ក្ដៅ និងជឿជាក់ខ្លាំងណាស់ ថាយើងនឹងអាចឈ្នះ អាចឡើងទៅវគ្គបន្ត”។
រីឯលោក Laurent Blanc អ្នកចាត់ការក្រុមភ្ញៀវ PSG វិញ បានយល់ឃើញពី Diego Costa និងការប្រកួតសំខាន់យប់នេះថា៖ “Costa មានទាំងកាយសម្បទាល្អ និងបច្ចេកទេសល្អថែមទៀត ដូច្នេះខ្សែការពាររបស់យើង ចាំបាច់ត្រូវតែបិទគេឲ្យជាប់។ Chelsea គេមានប្រៀបជាង ព្រោះគេស៊ុតចូលយើងបាន១គ្រាប់ នៅទឹកដីយើង ប៉ុន្តែយើងត្រូវតែក្រោកឈរទាំងអស់គ្នាឡើង ដោយព្យាយាមបង្កើតឱកាស និងស៊ុតឲ្យបានច្រើន”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះតោខៀវ កីឡាករ Nemanja Matic អាចចូលលេងបានវិញហើយ បន្ទាប់ពីការពិន័យ២ប្រកួតត្រូវបញ្ចប់។ រីឯកីឡាករសំខាន់ៗ របួសតែម្នាក់ទេ គឺ John Obi Mikel (របួសក្បាលជង្គង់)។ ដូច្នេះ១១ដំបូងរបស់ក្រុមខ្លាំងអង់គ្លេស Chelsea អាចជា៖ Courtois; Ivanović, Terry, Cahill, Azpilicueta; Ramires, Matić, Willian, Fàbregas, Hazard និង Costa។
ចំណែកឯក្រុមភ្ញៀវ PSG វិញ នឹងអវត្តមានកីឡាករសំខាន់២រូបគឺ Aurier (របួសភ្លៅ) និង Lucas (ក្រលៀន)។ ដូច្នេះ១១ដំបូងរបស់ក្រុមខ្លាំងបារាំងមួយនេះ អាចជា៖ Sirigu; Maxwell, Thiago Silva, Marquinhos, Van der Wiel; David Luiz, Thiago Motta, Verratti, Matuidi; Cavani និង Ibrahimović។
ការពិតមួយចំនួន៖
នេះជាលើកទី២ហើយ ដែល Chelsea និង PSG ជួបគ្នានៅវគ្គខ្វែងជម្រុះ នៃពានរង្វាន់ Champions League ខណៈដែលកាលពីរដូវកាលមុន តោខៀវទម្លាក់ក្រុមមកពីទីក្រុងប៉ារីសមួយនេះ ដោយបាល់ចំណេញគ្រាប់ក្រៅដី ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ក្រុមទាំង២នេះ ក៏ធ្លាប់ជួបគ្នាក្នុងវគ្គចែកពូល កាលពីរដូវកាល ២០០៤/០៥ ដែរ ខណៈដែល Chelsea ឈ្នះ ៣-០ នៅប្រទេសបារាំង ប៉ុន្តែក្រុមទាំង២ស្មើគ្នា ០-០ នៅអង់គ្លេសវិញ។
Chelsea ឡើងផុតវគ្គចែកពូល នៃពានរង្វាន់ Champions League បាន១១ដងហើយ សម្រាប់១២រដូវកាលចុងក្រោយនេះ។