ខ្សែ បម្រើស្លាប Angel Di Maria បានស្នើឲ្យភ្នាក់ងាររបស់ខ្លួនស្វែងរកទ្រនំថ្មី ដើម្បីចាកចេញពីក្រុម Manchester United នៅរដូវក្ដៅខាងមុខនេះ។ នេះបើយោងទៅតាម Metro បានចុះផ្សាយ។
កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League អង់គ្លេសខាងលើនេះ កំពុងតែមានបញ្ហាច្រើនណាស់នៅ Old Trafford ពោលគឺទាំងទម្រង់លេងនៅក្នុងក្រុម និងបញ្ហាគ្រួសារ។ កាលពីប៉ុន្មានសប្ដាហ៍មុន ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនរូបនេះបានប្រកាសលក់ផ្ទះនៅ អង់គ្លេស រួចទៅហើយ។ បញ្ហាទាំងអស់នេះហើយ ទើបធ្វើឱ្យមតិមួយចំនួនគិតថាជាមូលហេតុដែលរូបគេបានស្នើសុំ ភ្នាក់ងារទីផ្សារលោក Jorge Mendes ដើម្បីចាកចេញពី Man Utd ។
Di Maria និងភ្នាក់ងាររបស់ខ្លួន លោក Mendes
លោក Louis van Gaal ធ្លាប់បាននិយាយកាលពីពេលមុនដែរថា លោកនឹងអនុញ្ញាតឱ្យ Di Maria ចេញ ប្រសិនបើរូបគេពិតជាចង់ចាកចេញមែននោះ។ ទន្ទឹមនឹងនេះដែរ មានក្លិប៣ដែលកំពុងតែត្រូវការអតីតកីឡាករ Real Madrid រូបនេះគឺ Barcelona, PSG និង Juventus ប៉ុន្តែមិនទាន់មានការដាក់ដេញតម្លៃខ្លួនអ្វីនោះទេ។ ចាំមើលទាល់តែដល់រដូវដោះដូរកីឡាករខាងមុខ ទើបដឹងច្បាស់ថាមានរឿងអ្វីកើតឡើង៕