Facebook បញ្ចេញមុខងារថ្មី អាចឱ្យអ្នកផ្ញើប្រាក់តាម Messenger
18 Mar, 2015 09:14
0 Comment (s)
អ្នកប្រើប្រាស់ Facebook Messenger ទាំងអស់អាចផ្ញើប្រាក់ទៅគ្នាទៅវិញទៅមកដោយគ្រាន់តែភ្ជាប់ ព័ត៌មានពី Master Card ឬ Visa Card នោះជាការស្រេច។ ចំពោះប្រាក់ដែលបានផ្ញើទាំងអស់ គឺសុទ្ធតែត្រូវឆ្លងកាត់ និងត្រួតពិនិត្យដោយ Facebook ប៉ុន្មានវិនាទីជាមុនសិន មុនពេលបញ្ជូនទៅគណនីរបស់អ្នកទទួល។ ក្នុងករណីដែលអ្នកត្រូវទទួល ប្រាក់នោះមិនទាន់បានភ្ជាប់ព័ត៌មានពីកាតធនាគាររបស់គេទេ ប្រាក់នោះ (ប្រាក់ដែលផ្ញើ) នឹងត្រូវតម្កល់ក្នុងប្រព័ន្ធសុវត្ថិភាព រហូតដល់អ្នកទទួលនោះបញ្ចូលទិន្នន័យកាតធនាគារ។
ដើម្បីផ្ញើប្រាក់ទៅកាន់នរណាម្នាក់តាម Messenger អ្នកប្រើប្រាស់ត្រូវចុចលើប៊ូតុងសញ្ញារូបិយប័ណ្ណប្រាក់ដុល្លារ ហើយវាយចំនួនទឹកប្រាក់ដែលចង់ផ្ញើ នោះវានឹងដំណើរការ។
មុខងារផ្ញើប្រាក់តាម Facebook Messenger នេះអាចដំណើរការបានលើ iOS និង Android ហើយនឹងចាប់ដំណើរនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ បន្ទាប់មកនឹងបន្តទៅតាមបណ្ដាប្រទេសនៅជុំវិញពិភពលោកជាបន្តទៀត៕