ក្រុម ហ៊ុនផលិតសម្ភារៈកីឡា Adidas បានបង្ហាញស្បែកជើងថ្មី សម្រាប់ Super Star របស់ក្រុម FC Barcelona ខ្សែប្រយុទ្ធ Lionel Messi។ ស្បែកជើងនោះ មានឈ្មោះថា “Pibe de Barr10” ដែលរចនាឡើងដោយបុរសម្នាក់ រស់នៅទីក្រុង Rosario នៃប្រទេសអាហ្សង់ទីន ហើយទីក្រុងនោះគឺជាទីកន្លែង ដែលកីឡាករលំដាប់ពិភពលោករូបនេះ ធ្លាប់លេងបាល់ដំបូងបង្អស់ កាលនៅតូចផងដែរ។
Pibe de Barr10 គឺត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត ដោយមានរំលេចជាមួយក្រាហ្វិកក្បាច់សិល្បៈ នៅខាងក្រោយផ្នែកខាងលើ មើលទៅស័ក្ដិសមបំផុតសម្រាប់ កីឡាករ Top Scorer នៅ La Liga ដែលស៊ុតបាន ៣២គ្រាប់រូបនេះ។
Messi បាននិយាយទាំងក្ដីរីករាយថា៖ “ខ្ញុំបានចាកចេញពីទីក្រុង Rosario តាំងតែពីរូបខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំនៅតែនឹកឃើញដល់ជនរួមជាតិ អ្នកជិតខាង និងកន្លែងលេងកីឡាសំណព្វចិត្តរបស់ខ្ញុំជានិច្ច។ Pibe de Barr10 មានរឿងជាច្រើន រំឭកដល់រឿងក្នុងជីវិតរបស់ខ្ញុំ និងរំឭកដល់កុមារភាពរបស់ខ្ញុំ ដូច្នេះខ្ញុំសង្ឃឹមថា យើងនឹងជោគជ័យទាំងអស់គ្នា”។
ចាំមើលថា ស្បែកជើងថ្មីនេះ អាចជួយឲ្យ Messi ក្លាយជា Top Scorer នៅ La Liga និងជួយឲ្យ Barca លើកពានបាន ឬអត់?