Eden Hazard ជឿជាក់ថា Chelsea ត្រូវតែឈ្នះការប្រកួតដែលនៅសល់ទាំងអស់ ដើម្បីធ្វើឲ្យប្រាកដថានឹងឈ្នះពាន Premier League រដូវកាលនេះ។ ការលើកឡើងនេះ គឺក្រោយពីមានមតិខ្លះអះអាងថាពានបានធ្លាក់ក្នុងដៃតោខៀវរួច ទៅហើយ ក្រោយឈ្នះ Hull City ៣-២ យប់មិញ។
Hazard បានបន្ថែមទៀតថា៖ “ក្រុមទាំងមូលធ្វើបានល្អ យើងហ្វឹកហាត់រៀងរាល់ថ្ងៃដើម្បីជោគជ័យ។ វាពិតជាសំខាន់ណាស់ក្នុងការយកឈ្នះការប្រកួតបែបនេះ ហើយយើងនៅតែឈរកំពូលតារាងលីក។ យើងនឹងចាំមើលរហូតដល់ចប់រដូវកាល”។
នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន KS Stadium របស់ក្រុម Hull City នេះ Hazard គឺជាកីឡាករសំខាន់ ហើយក៏ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី២។ ២គ្រាប់ទៀតរបស់ក្រុមលោក Jose Mourinho រកបានដោយ Diego Costa នៅនាទីទី៩ និង Loic Remy នាទី៧៧ ខណៈ ម្ចាស់ផ្ទះ Hull សងវិញ២គ្រាប់ដោយ Ahmed Elmohady នៅនាទី២៦ និង Abel Hernandes នាទី ២៨។ លទ្ធផលនេះ ធ្វើឲ្យ Chelsea មាន៦៧ពិន្ទុ លើសក្រុមលេខ២ Man City ៦ពិន្ទុ ប៉ុន្តែសល់មួយប្រកួតក្នុងដៃ៕