ក្រុម Paris St Germain S នឹងមិនអាចតវ៉ារឿងដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic ទទួលបានកាតក្រហមក្នុងប្រកួតដែលស្មើជាមួយ Chelsea បានទេ។ នេះបើតាម UEFA បានប្រាប់ទៅ Sportsmail ។
UEFA បានប្រកាសកាលពីម្សិលមិញថា កាតក្រហមដែល Zlatan ទទួលបានពេលប៉ះជាមួយ Oscar នោះ គឺមិនអាចលើកយកមកតវ៉ាអ្វីបាននោះទេ ពោលគឺខ្សែប្រយុទ្ធរូបនេះត្រូវតែទទួលបានការពិន័យ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងថាប៉ុន្មានប្រកួត។ យ៉ាងណាមិញ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប នឹងធ្វើការពិភាក្សាម្ដងទៀតក្នុងការពិន័យកីឡាកររូបនេះនៅថ្ងៃ ទី១៩ ខែនេះ ដើម្បីសម្រេចថាត្រូវពិន័យ១ប្រកួត ឬច្រើនជាងនេះ។
ដោយឡែកអ្នកចាត់ការក្រុម PSG លោក Laurent Blanc បាននិយាយកាលពីថ្មីៗនេះដែរថារឿងដែល Zlatan ទទួលបានកាតក្រហមនោះគឺមិនសក្ដិសមនោះទេ ខណៈដែលខាងក្លិបក៏កំពុងតែពិភាក្សាគ្នាដើម្បីរកវិធីសាស្ត្រតវ៉ា ជាមួយ UEFA ដែរ ទោះជាសហព័ន្ធមួយនេះបាននិយាយថាមិនឱ្យតវ៉ាក៏ដោយ។
ជាទូទៅកាតក្រហមគឺត្រូវបានពិន័យ១ប្រកួតដល់៣ប្រកួត គឺអាស្រ័យទៅលើកំហុសរបស់កីឡាករម្នាក់នោះ ហើយខាងក្លិបក៏មានសិទ្ធតវ៉ាបន្ថយទោសផងដែរ ប្រសិនបើពួកគេមើលថាកំហុសនោះពិតជាមិនសមទទួលបានកាតក្រហមមែន ឬដោយសារតែអាជ្ញាកណ្ដាលមើលច្រឡំ៕