Diego Costa របស់ Chelsea នឹងធ្វើការពិនិត្យមើលសរសៃពួរគន្លាក់ជើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីរបួសអំឡុងពេលក្រុមតោខៀវ ប្រកួតឈ្នះ Hull City ៣-២ នៅ KC Stadium កាលពីយប់មិញ។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ដែលស៊ុតបាន១៩គ្រាប់ នៅក្របខ័ណ្ឌ English Premier League រដូវកាលនេះ ត្រូវបានដូរជំនួសដោយ Loic Remy នៅចុងម៉ោងនាទី៧៥ ដោយសារមានការឈឺចាប់របួសចាស់ ហើយរបួសនេះទៀតសោត អាចនឹងធ្វើឲ្យកីឡាករឆ្នើមរូបនេះ ខកខានប្រកួតឲ្យក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។
ក្រុមគោជល់អេស្ប៉ាញ នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2016 នៅថ្ងៃទី២៧ ខែមិនានេះ មុនពេលត្រូវធ្វើដំណើរទៅប៉ះក្រុមហុល្លង់ ដើម្បីប្រកួតមិត្តភាព នៅ៤ថ្ងៃបន្ទាប់។
សម្រាប់ក្រុមកំពូលតារាង Premier League តោខៀវ ដែលនាំមុខ ៦ពិន្ទុទៅលើក្រុម Manchester City និងនៅ១ប្រកួតក្នុងដៃទៀតនោះ នឹងគ្មានការប្រកួតទៀតទេ រហូតដល់ថ្ងៃទី៤ ខែមេសា ទើបប៉ះ Stoke City ខណៈដែលលោក Jose Mourinho បាននិយាយថា ទោះជា Costa របួសក៏មិនប៉ះពាល់ដល់ការប្រជែងយកពាន Premier League របស់ Chelsea ដែរ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បាននិយាយថា៖ “បើគាត់ (Costa) មិនអាចលេងប្រកួតបន្ទាប់ ប៉ះ Stoke នៅ១៥ថ្ងៃទៀតទេ យើងនៅមាន Remy និង Didier Drogba ថែមទៀត។ យើងដឹងថា សរសៃពួរជើងរបស់គាត់ មិនរឹងមាំទេ។ គាត់បានខិតខំព្យាបាល និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ជើងរបស់គាត់ ប៉ុន្តែទោះយ៉ាងណា បញ្ហារបួសនៅតែកើតមានឡើងដដែល”។
បន្ទាប់ពីស៊ុតចូលយប់មិញ បាន១គ្រាប់ទៀត Diego Costa បានឡើងទៅឈរតំណែង Top Scorers វិញហើយ ដោយស៊ុតបាន ១៩គ្រាប់ ស្មើគ្នាជាមួយ Harry Kane របស់ Spurs និងនាំមុខ Sergio Agüero របស់ Manchester City ចំនួន២គ្រាប់៕