Lionel Messi តារាឆ្នើមរបស់ក្រុម FC Barcelona បានជាប់ក្នុងបញ្ជីកំពូលកីឡាករពូកែញាក់ជាងគេ នៅលីកកំពូលទាំង៥របស់អឺរ៉ុប ២រដូវកាលជាប់គ្នាតាំងពីរដូវកាល ២០១៣/១៤ មក ខណៈដែល Eden Hazard ដែលជា Playmaker របស់ក្រុម Chelsea ឈរនៅលេខ២។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលជាងនេះ គឺគ្មានឈ្មោះ Cristiano Ronaldo របស់ Real Madrid នៅក្នុងចំណាត់ថ្នាក់ទាំង១០នោះទេ។ នេះបើតាមស្ថិតិពី WhoScored.com។
ខ្សែប្រយុទ្ធអាហ្សង់ទីន Messi គឺស្ថិតនៅកំពូលតារាងលើគេ ដោយញាក់ដាច់គូប្រជែងបានចំនួនសរុប ២៥៨ដង។ រីឯខ្សែបម្រើបែលហ្សិក Hazard ចាញ់ Messi តែ៤ដងប៉ុណ្ណោះ ដោយកីឡាករឆ្នើមរូបនេះ ញាក់សម្រេចបានចំនួន ២៥៤ដង។
ចំណែកឯ Cristiano Ronaldo ដែលជាកំពូលកីឡាករលំដាប់ពិភពលោក និងទើបតែឈ្នះ Ballon d’Or ថ្មីៗនេះនោះ មិនត្រឹមតែមិនអាចប្រៀបផ្ទឹមជាមួយនឹងគូប្រជែងរបស់គេ Messi ទេ គឺថែមទាំងគ្មានឈ្មោះ នៅក្នុងបញ្ជីទាំង១០នាក់នេះទៀត។
ដោយឡែកកីឡាករវ័យក្មេង Raheem Sterling របស់ Liverpool ស្ថិតនៅចំណាត់ថ្នាក់លេខ៩ និងជាតារាមកពី Premier League របស់អង់គ្លេសទី២ ដែលជាប់ក្នុងបញ្ជីនេះ។ ប៉ុន្តែសម្រាប់ក្របខ័ណ្ឌអ៊ីតាលី Serie A វិញ គឺគ្មានកីឡាករណាមួយ ជាប់ក្នុងបញ្ជីកំពូលកីឡាករពូកែញាក់នេះទាល់តែសោះ៕