Wilfried Bony, Olivier Giroud និង Harry Kane បានក្លាយជាតួអង្គសំខាន់របស់ក្រុមរៀងៗខ្លួននាការប្រកួត English Premier League សប្ដាហ៍ទី៣០យប់មិញនេះ។ Bony បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនឲ្យក្រុម Manchester City ឯ Giroud ស៊ុត២គ្រាប់ជ័យឲ្យ Arsenal ឈ្នះ Newcastle ទាំងត្រដាបត្រដួស ខណៈខ្សែប្រយុទ្ធឡើងជើង Harry Kane ធ្វើបានហ៊ែតទ្រីក ជួយឲ្យ Tottenham Hotspur បាន៣ពិន្ទុពីក្រុម Leicester ទាំងប្រផុតប្រផើយ។
Man City ដែលត្រូវការឈ្នះចាំបាច់ដើម្បីរក្សាតំណែងលេខ២ និងបន្តដេញ Chelsea នោះ បានបំបាក់ West Brom ផុយៗ ៣-០។ ក្នុងការប្រកួតនេះ West Brom បានជួបរឿងស៊យតាំងពីជាង១នាទីដំបូងដើមតង់ទី១ ពោលគឺត្រូវបាត់បង់កីឡាករម្នាក់ដោយសារកាតក្រហម ហើយជាកាតក្រហមច្រឡំកីឡាករទៀត។ ខ្សែការពារ Craig Dawson បានបង្កកំហុសលើ Bony ប៉ុន្តែអាជ្ញាកណ្ដាល Neil Swarbrick បែរជាលើកកាតក្រហមឲ្យ Gareth McAuley ទៅវិញ។
២៥នាទីបន្ទាប់ពីកាតក្រហមដ៏ចម្រូងចម្រាស Bony បានបំបែកពងមាន់បានសម្រេច ដែលវាជាគ្រាប់ដំបូងរបស់កីឡាករកូឌីវ័ររូបនេះ ចាប់ពីផ្លាស់មកក្រុមការពារតំណែងជើងឯកកាលពីខែមករា។ ២គ្រាប់បន្ថែមទៀតរបស់ក្រុមមេឃខៀវ ធ្វើបានដោយកីឡាករប្រេស៊ីល Fernando (នាទី៤០) និងកីឡាករអេស្ប៉ាញ David Silva (នាទី៧៧)។
ចំណែកក្រុមមាន់ខ្នាយមាស Spurs ដែលត្រូវការជ័យជម្នះដើម្បីបន្តដង្ហើមដណ្ដើម Top 4 នោះ បានយកឈ្នះ Leicester ៤-៣។ ៤គ្រាប់របស់ក្រុមលោក Mauricio Pochettino ធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Harry Kane ៣គ្រាប់ម្នាក់ឯងនៅនាទី៦, ១៣ និង៦៤ មុនពេល Schlupp របស់ Leicester ធ្វើឲ្យចូលទីខ្លួនឯង។ នេះជាហ៊ែតទ្រីកលើកដំបូងហើយសម្រាប់ Kane នៅក្នុង Premier League ហើយ៣គ្រាប់នេះក៏ធ្វើឲ្យរូបគេឡើងឈរលើកំពូលតារាង Top Scorer (១៩គ្រាប់) លើ Diego Costa របស់ Chelsea ១គ្រាប់ផងដែរ។ ៣គ្រាប់សងវិញរបស់ក្រុមភ្ញៀវ ធ្វើបានដោយ Vardy (នាទី៣៨), Morgan (នាទី៥០) និង Nugent (នាទី៩០)។
តារាងពិន្ទុក្រោយប្រកួតយប់មិញ