ខ្សែ ភាពយន្ត “Insurgent” ដែលជាវគ្គបន្តពីរឿង “Divergent” កាលពីឆ្នាំ២០១៤ បានជាប់លេខមួយលើតារាង Box Office អាមេរិកសប្ដាហ៍នេះ ដោយអាចរកចំណូលបាន ៥៤លានដុល្លារ ពីការបញ្ចាំងនៅអាមេរិក ក្នុងរយៈពេល ៣ថ្ងៃដំបូង។ គិតទាំងចំណូលនៅប្រទេសផ្សេងៗចំនួន ៤៧លានដុល្លារទៀត ភាពយន្តនេះអាចរកបាន ១០១លានដុល្លារ នៅសប្ដាហ៍ដំបូង។
មិនខុសពី “Divergent” ទេ ភាគថ្មីនេះ គឺថតតាមសៀវភៅប្រលោមលោកល្បីល្បាញរបស់អ្នកនិពន្ធ Veronica Roth ដដែល។ សាច់រឿង “Insurgent” ដែលសម្ដែងដោយ Shailene Woodley ជាតួឯកស្រី និងTheo James ជាតួឯកប្រុស បង្ហាញពីពេលដែលតួអង្គស្រី Beatrice Prior ត្រូវតតាំងនឹងបិសាចដែលសណ្ឋិតក្នុងខ្លួននាង និងបន្តប្រយុទ្ធជាមួយក្រុមមនុស្សភពផ្សេងដែលមានបំណងកម្ទេចពិភព មនុស្សចោល។ ភាពយន្តនេះចំណាយដើមទុនអស់ ១១០ដុល្លារ គឺច្រើនជាងវគ្គមុន ២៥លានដុល្លារ។
ដោយឡែកខ្សែភាពយន្ត “Cinderella” របស់ Disney ដែលជាប់លេខមួយសប្ដាហ៍មុន សប្ដាហ៍នេះបានជាប់ចំណាត់ថ្នាក់លេខពីរ ដោយអាចរកចំណូលបាន ៣៤,៤លានដុល្លារ ពីការបញ្ចាំងនៅសហរដ្ឋអាមេរិក អំឡុងពេលចុងសប្ដាហ៍មុន។ បើគិតទាំងការបញ្ចាំងនៅប្រទេសផ្សេងៗ និងចំណូលពីសប្ដាហ៍មុន “Cinderella” អាចរកបាន ២៥៣លានដុល្លារហើយ។
ខាងក្រោមនេះជាចំណាត់ថ្នាក់កំពូលទាំង ១០ លើតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះ (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី២០ ដល់២២ ខែមីនា៖
ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | The Divergent Series: Insurgent | ៥៤លានដុល្លារ | ៥៤លានដុល្លារ | ១ |
២ | Cinderella (2015) | ៣៤,៤លានដុល្លារ | ១២២លានដុល្លារ | ២ |
៣ | Run All Night | ៥,១លានដុល្លារ | ១៩,៧លានដុល្លារ | ២ |
៤ | The Gunman | ៥លានដុល្លារ | ៥លានដុល្លារ | ១ |
៥ | Kingsman: The Secret Service | ៤,៦លានដុល្លារ | ១១៤,៥លានដុល្លារ | ៦ |
៦ | Do You Believe? | ៤លានដុល្លារ | ៤លានដុល្លារ | ១ |
៧ | Second Best Exotic Marigold Hotel | ៣,៤លានដុល្លារ | ២៤,១លានដុល្លារ | ៣ |
៨ | Focus (2015) | ៣,៣លានដុល្លារ | ៤៩,៤លានដុល្លារ | ៤ |
៩ | Chappie | ២,៦លានដុល្លារ | ២៨,៣លានដុល្លារ | ៣ |
១០ | The SpongeBob Movie | ២,៣លានដុល្លារ | ១៥៨,៧លានដុល្លារ | ៧ |