ជើង
ហោះហើរ 4U 9525 របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Germanwings
បានជួបគ្រោះថ្នាក់ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ
បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សទាំងអស់ ១៥០នាក់ (អ្នកដំណើរ១៤៤នាក់
បុគ្គលិក៦នាក់)។ ទោះយ៉ាងណា មកទល់ពេលនេះ
មូលហេតុពិតប្រាកដនៃសោកនាដកម្មមិនទាន់អាចស្រាយចេញនៅឡើយ
ប៉ុន្តែមានចម្ងល់ថា ហេតុអ្វីបានជាអំឡុងពេលយន្តហោះជួបគ្រោះថ្នាក់
៨នាទី មិនមានការផ្ដល់សញ្ញាអាសន្ន។
ក្រុមជួយសង្គ្រោះនៅតំបន់ដែលយន្តហោះធ្លាក់
មន្ត្រីអាកាសចរណ៍បាននិយាយថា គេនៅមិនទាន់យល់នៅឡើយជុំវិញហេតុការណ៍ដែលកើតឡើងចុងក្រោយ លើយន្តហោះ Germanwings Airbus A320 ដែលជួបគ្រោះថ្នាក់ នៅចន្លោះសង្កាត់ Barcelonnette និង Digne តំបន់ភ្នំ Alps ក្នុងប្រទេសបារាំង។
ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Germanwings លោក Thomas Winkelmann បានបង្ហាញនៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ថា យន្តហោះចាប់ផ្ដើមដាំក្បាលចុះ បន្ទាប់ពីហោះឡើងដល់ចំណុចកម្ពស់ធម្មតារយៈពេលខ្លីប៉ុណ្ណោះ។
ខាងក្រោមនេះវិវឌ្ឍន៍ចុងក្រោយរបស់យន្តហោះមុនជួបគ្រោះថ្នាក់៖
ម៉ោង ១០:០១ ព្រឹក (ម៉ោង ០៤:០១ល្ងាច នៅកម្ពុជា) ជើងហោះហើរ 4U 9525 ចាប់ផ្ដើមហោះចេញពីព្រលានយន្តហោះក្រុង Barcelona
ម៉ោង ១០:៤៤ព្រឹក (ម៉ោង ០៤:៤៤ល្ងាច នៅកម្ពុជា) យន្តហោះបានឡើងដល់កម្ពស់ហោះហើរមធ្យម
ម៉ោង ១០:៤៥ព្រឹក (ម៉ោង ០៤:៤៥ល្ងាច នៅកម្ពុជា) យន្តហោះចាប់ផ្ដើមធ្លាក់ចុះ ដែលមិនអាចពន្យល់បាន
ម៉ោង ១០:៤៧ព្រឹក (ម៉ោង ០៤:៤៧ល្ងាច នៅកម្ពុជា) ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានរាយការណ៍ ពីការទាក់ទងដោយអាសន្នលើកទីបីទៅកាន់យន្តហោះ
ម៉ោង ១០:៥៣ព្រឹក (ម៉ោង ០៤:៥៣ល្ងាច នៅកម្ពុជា) រ៉ាដា និងវិទ្យុទាក់ទង បានកាត់ផ្ដាច់ទាំងស្រុង។
ក្នុងចន្លោះពេល ៨នាទី ចាប់ពីពេលដែលយន្តហោះឡើងដល់កម្ពស់មធ្យម រហូតដល់បាត់ចេញពីរ៉ាដា និងដាច់ការទាក់ទងទាំងស្រុង ពុំមានការរាយការណ៍ពីសញ្ញាអាសន្នណាមួយឡើយ។
បើតាមលោក Winkelmann បានបញ្ជាក់ថា យន្តហោះចាប់ផ្ដើមធ្លាក់ចុះមកវិញ បន្ទាប់ពីឡើងដល់កម្ពស់មធ្យម និងបន្តដាំក្បាលចុះអស់រយៈពេល ៨នាទី រហូតដល់ធ្លាក់ក្នុងតំបន់ភ្នំនៃប្រទេសបារាំង។
លោក បានបន្តទៀតថា មិនទាន់មានអ្វីអាចបញ្ជាក់បាន ហេតុអ្វីយន្តហោះចាប់ផ្ដើមធ្លាក់ពីកម្ពស់ ៣៨០០០ហ្វីត (ជិត ១២គីឡូម៉ែត្រ)។ យ៉ាងណាមិញ យន្តហោះដែលមានអាយុកាល ២៤ឆ្នាំ នោះ ត្រូវបានត្រួតពិនិត្យមួយថ្ងៃមុនការហោះហើររួចហើយ ចំណែកឯអ្នកបញ្ជាមានបទពិសោធន៍ជាង ១០ឆ្នាំ ជាមួយការហោះហើរ ៦០០០ម៉ោង។
ប្រធានាធិបតីបារាំង Francois Hollande បានបញ្ជាក់ថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើង ដើម្បីរកមូលហេតុពិតនៅពីក្រោយគ្រោះថ្នាក់ដ៏រន្ធត់នេះ។ ចំណែកនាយករដ្ឋមន្ត្រីបារាំង Manuel Valls បាននិយាយថា ក្រុមរុករកបានទៅដល់ជិតតំបន់កើតហេតុរួចហើយ ប៉ុន្តែគ្មានរកឃើញអ្នកនៅរស់រានមានជីវិតទេ ហើយក៏គ្មានសញ្ញាណាមួយបង្ហាញពីមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ ដែរ៕