• ព័ត៌មានថ្មី

    Wednesday, March 11, 2015

    សិច​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ

    ការ ​សិក្សា​មួយ​បាន​បង្ហាញ​ថា ភាព​ឆ្លាត​វៃ​របស់​មនុស្ស និង​សិច អាច​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា។ ​រួម​ភេទ​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​មនុស្ស​កាន់​តែ​សកម្ម និង​បំពេញ​តួនាទី​បាន​យូរ​អង្វែង។ បន្ថែម​លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពន្យារ​ការ​​ឆាប់​ភ្លេច​ភ្លាំង​នៅ​ពេល​ចាស់​ជរា​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Mirror កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។



    ​ក្រុម​អ្នក​ស្រាវជ្រាវ​ហុល្លង់ បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ជាច្រើន រក​ឃើញ​ថា​ចំណាប់​អារម្មណ៍​ក្នុង​រឿង​​ផ្លូវ​ភេទ​កាន់​តែ​ខ្ពស់ មុខងារ​ខួ​រ​ក្បាល​កាន់​តែ​ប្រសើរ និង​មាន​ភាព​ឆ្លាតវៃ​នៅ​អាយុ ៧១​ឆ្នាំ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​មាន​ការ​ចង​ចាំ​ល្អ គិត​លឿន និង​កម្រិត​នៃ​ការ​យល់​ដឹង​ទូទៅ​ខ្ពស់។ ​​​មិន​មែន​សម្រាប់​តែ​មនុស្ស​ចាស់​ទេ សិច​ក៏​អាច​បង្កើន​ភាព​ឆ្លាតវៃ​​សម្រាប់​មនុស្ស​ដែល​ទើប​ពេញ​វ័យ​ផង​ដែរ ប្រសិន​បើ​ប្រព្រឹត្ត​ទៅ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​នោះ។

    ការ​សិក្សា​ពី​ប្រទេស​អ៊ីតាលី មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​ខាង​លើ​នេះ។ អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ Pavia បាន​បង្ហាញ​ថា រួមភេទ​ជា​ប្រចាំ​អាច​ជំរុញ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​នៅ​ក្នុង​ខួរ​ ក្បាល។ ចំណែក​ឯ​ស្នេហា និង​ដំណាក់​កាល​ដំបូង​នៃ​ទំនាក់​ទំនង ក៏​អាច​ជួយ​​ឲ្យ​រីកចម្រើន​ផ្នែក​ខួរក្បាល​ផង​ដែរ។ ​​​​​​

    ការ​ស្រាវជ្រាវ​ទៅ​លើ​សត្វ​កណ្ដុរ​នៅ​សាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ។ កណ្ដុរ​ដែល​បាន​រួម​ភេទ​ជា​ប្រចាំ មាន​ការ​រីក​ចម្រើន​ផ្នែក​គំនិត​ប្រាជ្ញា និង​មុខងារ​ខួរ​ក្បាល ចំណែក​កណ្ដុរ​ដែល​ពុំ​មាន​ការ​រួម​ភេទ​គ្រប់គ្រាន់ មាន​ភាព​ចុះ​ខ្សោយ​ផ្នែក​ខួរ​ក្បាល។

    យ៉ាង​ណា​មិញ ចង់​ឲ្យ​សិច​មាន​ប្រយោជន៍​ចំពោះ​អ្នក លុះ​ត្រា​តែ​អនុវត្ត​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ និង​មាន​ដៃគូ​ជាប់​លាប់​មួយ។ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​ត្រឹម​តែ​គ្មាន​ទទួល​គុណសម្បត្តិ ជួន​កាល​អាច​បង្ក​ទុក្ខទោស​ដល់​ខ្លួន​ផង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: សិច​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ Rating: 5 Reviewed By: Unknown
    Scroll to Top