ទីបំផុតលីកបាល់ទាត់ដែលមានឈ្មោះបោះសំឡេងមកពីតំបន់អឺរ៉ុប Barclays Premier League (BPL)
របស់ប្រទេសអង់គ្លេស នឹងមានផ្សាយបន្តនៅក្នុងប្រទេសកម្ពុជា
បានហើយដោយស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន ៤ ផ្សេងគ្នា
ទទួលបានសិទ្ធិផ្សាយនៅរដូវកាល ២០១៤ – ២០១៥ នេះ។
យោងតាមវេបសាយរបស់ទូរទស្សន៍បាយ័ន
បានចេញផ្សាយកាលពីពេលថ្មីៗ ថា ក្រុមហ៊ុន CTH International Co., Ltd
និង ក្រុមហ៊ុន LBH Innovation Media Co., Ltd
បានចុះហត្ថលេខាស្ដីពីប្រគល់សិទ្ធិនៃការផ្សាយបន្តផ្ទាល់ការ
ប្រកួតលីកបាល់ទាត់កំពូលអង់គ្លេស នៅរដូវកាលនេះ កាលពីថ្ងៃទី ១៥
កញ្ញា កន្លងទៅនៅសណ្ឋាគារ Sofitel Phokeethra Phnom Penh
ដោយមានការចូលរួមជាសាក្សីពីលោក ថោង ខុន
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
CTH International Co., Ltd
ជាក្រុមហ៊ុនទទួលបានសិទ្ធិផ្លូវការត្រឹមត្រូវតាមផ្លូវច្បាប់ក្នុង
ការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតលីក Barclays Premier League
នៅប្រទេស៣ ក្នុងតំបន់អាស៊ានរួមមាន ថៃ ឡាវ និង កម្ពុជា។
សារព័ត៌មានខាងលើបានបន្ថែមទៀតថា
កិច្ចសហការគ្នារវាងក្រុមហ៊ុនទាំង២ គឺសម្រេចបាន
អាចទទួលសិទ្ធិផ្សាយការប្រកួតចំនួន ២៦ប្រកួត
តាមរយៈស្ថានីយទូរទស្សន៍នៅកម្ពុជាចំនួន ៤ គឺទូរទស្សន៏បាយ័ន
ទូរទស្សន៏ជាតិកម្ពុជា (TVK), ប៉ុស្ត៏លេខ ៥ (TV5) និង
ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ (TV3)។
ប្រភពមិនបានបញ្ជាក់ឱ្យបានច្បាស់ពី
ទឹកប្រាក់នៃទទួលបានសិទ្ធិនៃការផ្សាយបន្តផ្ទាល់នេះក្នុង
តម្លៃប៉ុន្មាននោះទេ
ហើយក៏មិនបានបញ្ជាក់ពីចាប់ផ្ដើមផ្សាយនៅពេលណានោះដែរ
ប៉ុន្តែគិតត្រឹមចុងសប្ដាហ៍នេះ BPL បានដំណើរបាន ៥ សប្ដាហ៍ហើយ
ខណៈកម្មវិធីប្រកួតសរុបមាន ៣៨ សប្ដាហ៍ក្នុងមួយរដូវកាល៕