ខ្សែប្រយុទ្ធ Didier Drogba
សប្បាយចិត្តក្នុងការបានជួបមិត្តចាស់របស់គេគឺកីឡាករ Frank
Lampard ក្នុងនាមជាគូបដិបក្ខនៅពេល Chelsea ទៅប្រកួតជាមួយ
Manchester City ក្នុងក្របខ័ណ្ឌ Barclays Premier League
នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
Drogba បានបញ្ចេញអារម្មណ៍ចំពោះ
Lampard ថា៖ “ខ្ញុំសប្បាយចិត្តណាស់ពេលជួប Lampard។
ខ្ញុំគិតថាគាត់នៅតែជាកីឡាកររបស់យើង។ គាត់ធ្លាប់ជាកីឡាកររបស់
Chelsea ហើយគាត់ជាផ្នែកមួយនៃក្លិបនេះ។
អ្នកគាំទ្រទាំងអស់ដឹងពីអ្វីដែលគាត់បានផ្ដល់ឱ្យក្លិប។
ដូច្នេះខ្ញុំដឹងច្បាស់ថាអ្នកគាំទ្រនឹងបង្ហាញអាកប្បកិរិយាល្អ
ចំពោះគាត់ពេលប្រកួតនៅថ្ងៃអាទិត្យនេះ”។
ការត្រលប់មកលេងនៅ Chelsea វិញរបស់
Didier Drogba
គឺស្របពេលខ្សែបម្រើវ័យ៣៦ឆ្នាំខាងលើត្រូវចាកចេញទៅចូលរួម
ក្លិប New York City
ហើយបានប៉ុន្មានសប្ដាហ៍បន្ទាប់មកក៏ត្រូវក្លិប Manchester City
ខ្ចីជើង៦ខែយកមកលេងនៅអង់គ្លេសវិញ។
ខ្សែប្រយុទ្ធនិងខ្សែបម្រើចាស់វស្សាទាំងពីរនាក់ខាងលើនេះជា
មិត្តរួមក្រុមនឹងគ្នាអស់រយៈពេល៨ឆ្នាំនៅ Stamford Bridge
ហើយក៏បានលើកពានជាមួយគ្នាដូចជា Barclays Premier League ៣ដង, FA
Cups ៤ដង, UEFA Champions League ១ដងនិង League Cups ២ដងផងដែរ៕