នាយកប្រតិបត្តិក្លិប Chelsea លោក Ron
Gourlay សង្ឃឹមថាអ្នកចាត់ការ Jose Mourinho
នឹងនៅក្លិបតោខៀវនេះ១០ឆ្នាំទៀតពីព្រោះលោកគិតថាមានតែអ្នក
ចាត់ការម្នាក់នេះទេដែលមានសមត្ថភាពអាចនាំតោខៀវឆ្ពោះទៅរកភាព
ជោគជ័យបាន។ នេះបើតាមសម្ដីលោក Gourlay និយាយនៅ London Evening
Standard។
លោក Ron Gourlay
ដែលទទួលតំណែងនាយកប្រតិបត្តិក្លិប Chelsea តាំងពីឆ្នាំ២០០៩
បានបញ្ចេញទស្សនៈថា៖ “ខ្ញុំសង្ឃឹមថាគាត់នឹងនៅChelsea
១០ឆ្នាំទៀត។
ការគ្រប់គ្រងក្លិបរបស់គាត់គួរឱ្យទុកចិត្តណាស់សម្រាប់ខ្ញុំ
ព្រោះគាត់ស្គាល់ក្លិបច្បាស់ ហើយក៏ស្គាល់ខ្ញុំច្បាស់ដែរ។ Jose
មានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយប្រព័ន្ធផ្សព្វផ្សាយតាមរបៀបផ្សេង
ពីអតីតអ្នកចាត់ការរបស់យើងមុនៗមួយចំនួន។
គាត់មិនត្រឹមតែដោះសម្ពាធចេញពីកីឡាករប៉ុណ្ណោះទេ
តែថែមទាំងដោះសម្ពាធចេញពីក្លិបថែមទៀតផង។
គាត់អនុញ្ញាតឱ្យពួកយើងចាត់ចែងនិងនាំក្លិបឆ្ពោះទៅមុខ”។
រដូវកាល២០១៤-២០១៥ នេះ
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើទទួលបានប្រជាប្រិយភាពកាន់
តែខ្លាំងដោយសារលោកអាចនាំខ្សែប្រយុទ្ធមុតស្រួចដូចជា Diego Costa
និងខ្សែបម្រើ Cesc Fabregas មករួមក្រុមបាន។
ម្យ៉ាងទៀតការជោគជ័យខ្លាំងមួយទៀតនោះគឺ
ការប្រកួត៤ប្រកួតបើករដូវកាលក្របខ័ណ្ឌ Premier League នេះ
Chelsea
មិនទាន់ស្គាល់ពាក្យចាញ់ឬស្មើនោះទេពោលគឺឈរនៅកំពូលតារាងតែ
ម្ដង។ យ៉ាងណាមិញ Jose Mourinho
ដែលដឹកនាំក្រុមជោគជ័យខ្លាំងបំផុតនៅក្លិប FC Porto និង Inter
Milan មិនធ្លាប់ដឹកនាំក្រុមមួយបានយូរឆ្នាំនោះទេ
ប៉ុន្តែអ្នកគាំទ្រទាំងអស់សង្ឃឹមថាលោក Gourlay
នឹងអាចបញ្ចុះបញ្ចូលអ្នកចាត់ការដ៏ជោគជ័យរូបនេះនៅ Stamford
Bridge បានយូរ។
អ្នកចាត់ការម្ចាស់ពានរង្វាន់ FIFA
World Coach of the Year 2010 រូបនេះកាលដឹកនាំក្លិប Chelsea
លើកទី១ពីឆ្នាំ២០០៣ ដល់ ២០០៧ បានជួយក្លិបឈ្នះពានរង្វាន់ដូចជា
Premier League ២ដង FA Cup ១ដង Football League Cup ២ដងនិង FA
Community Shield ១
ដងហើយការចូលមកដឹកនាំក្លិបតោខៀវជាថ្មីនៅឆ្នាំ២០១៣កន្លងទៅ
ក៏បានជួយក្រុមនេះឱ្យមានមុខមាត់ឡើងវិញដែរនៅរដូវកាលនេះក៏ដូច
ជារដូវកាល២០១៣-២០១៤៕