ការជាវSmartphone ម៉ូដែលណាមួយយកមកប្រើជៀសមិនផុតអ្នកទាំងអស់គ្នាត្រូវពិចារណា និងសម្រេចចិត្តឱ្យបានច្បាស់លាស់ជាមុនសិនថាតើគុណសម្បត្តិសាកសមនឹងតម្លៃរបស់វាឬអត់។ បើនៅស្ទាក់ស្ទើរមិនច្បាស់ក្នុងការសម្រេចចិត្ត Sabay សូមបង្ហាញគន្លឹះខ្លីៗទាំង ១០ ដែលអ្នកគួរពិចារណាមុនជាវ Smartphone ម៉ូដែលណាមួយយកមកប្រើដូចខាងក្រោម៖
១. ថាមពលថ្មរបស់ Smartphone ត្រូវតែមានគុណភាពល្អ និងកាន់ភ្លើងបានយូរ។ សព្វថ្ងៃនេះអ្នកទាំងអស់គ្នាចូលចិត្តលេងហ្គេម ប្រើប្រាស់អ៊ីនធឺណិតនិងបំពេញការងារផ្សេងៗក្នុងពេលតែមួយដែលទាមទារថ្មអាចប្រើបានយ៉ាងហោចណាស់ក៏ពីរថ្ងៃដែរទើបអាចឆ្លើយតបទៅនឹងតម្រូវការខាងលើនេះបាន។
២. ចំណុចគួរពិចារណាមួយទៀតមុនទិញ Smartphone មកប្រើនោះគឺគុណភាពសំឡេងរបស់វាតែម្ដង។ ប្រសិនអ្នកទាំងអស់គ្នាជាអ្នកចូលចិត្តស្ដាប់ចម្រៀងពេលទំនេរគួរតែគិតគូរលើករណីនេះ។ Smartphone មួយល្អមិនគ្រាន់តែមានរូបរាងស្អាតទេ តែត្រូវមានសំឡេងពិរោះបែប Stereo ទៀតផង។
៣. សព្វថ្ងៃនេះអ្នកកំពុងប្រើប្រាស់Smartphone ភាគច្រើនចូលចិត្តរក្សាឯកសារនិងទិន្នន័យផ្សេងៗលើ អនឡាញជៀសជាងការទុកក្នុងទូរសព្ទ។ សេវា DropBox, Google Drive និង OneDrive ពេញនិយមខ្លាំងមែនទែនដោយសារពួកវាមានតម្លៃសមរម្យ និងអាចទាញយកឯកសារមកប្រើបានគ្រប់ទីកន្លែងឱ្យតែមានអ៊ីនធឺណិត។ ហេតុនេះអ្នកទាំងអស់គ្នាគួរជ្រើសរើស Smartphone ម៉ូដែលណាមានកម្លាំងល្បឿន Wi-Fi ឬតាមស៊ីមកាតខ្លាំងព្រោះវាផ្ដល់ភាពងាយស្រួលទាន់ចិត្ត ហើយជាពិសេសត្រូវការថាមពលថ្មតិច។
៤. គួរទិញ Smartphone ណាបំពាក់បច្ចេកវិទ្យា Multi-Tasking ព្រោះវាអាចឱ្យអ្នកទាំងអស់គ្នាធ្វើបានច្រើនក្នុងពេលតែមួយមិនថាស្ដាប់ចម្រៀង លេង Chat ឬបំពេញការងារសំខាន់ណាមួយ។
៥. មុនពេលទិញSmartphone យកមកប្រើគួរកុំភ្លេចគិតលើ Display និង Graphic ឱ្យសោះ។ កាលណាអេក្រង់កាន់តែធំនិងកម្រិតHD កាន់តែច្បាស់ល្អគឺវាអាចបង្ហាញរូបភាពនិងវីដេអូហ្គេមបានរឹតតែលឿនសម្រាប់អ្នកចូលចិត្តមើលភាពយន្តឬខារ៉ាអូខេពេលអផ្សុក។
៦. ពេលណានិយាយលើ Stability របស់Smartphone គឺសំដៅទៅលើ Hardware សំខាន់ៗមានដូចជា CPU Ram OS និង អាយុកាលថាមពលថ្ម។ ធាតុទាំងអស់នេះអាចធ្វើឱ្យ Smartphone ដើររលូននិងមិនងាយគាំង។ ជាពិសេសអ្នកទាំងអស់គ្នាមិនចង់ឱ្យ Smartphone ខូចទ្រង់ទ្រាយពេលដាក់ក្នុងហោប៉ៅរឹបៗ។
៧. ឥទ្ធិពលកាមេរ៉ារបស់ Smartphone ក៏ជាលក្ខណៈសម្បត្តិមិនអាចមើលរំលងបានព្រោះភាគច្រើនការថតរូបទុកលើទូរសព្ទកំពុងជាសកម្មភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ គួរគិតថាតើកាមេរ៉ារបស់វាអាចផ្ដិតយករូបភាពបានច្បាស់ល្អ។
៨. Smartphoneដែលអាចដើរលឿនត្រូវតែមាន CPU ខ្លាំងនិង Ram ធំ។ CPU និង Ram ជាចំណុចចាំបាច់បំផុតរបស់Smartphone ពោលគឺកាលណាHardware ទាំងពីរនេះមានគុណភាពអន់ទូរសព្ទអ្នកទាំងអស់គ្នាក៏ដើរមិនស្រួលដែរ។
៩. Internal Storage សំដៅទៅលើទំហំផ្ទុកឯកសារលើSmartphone ដោយមិនចាំបាច់បន្ថែមMemory Card ពីក្រៅ។ អង្គចងចាំកាន់តែធំគឺកាន់តែងាយស្រួលសម្រាប់អ្នកមានទិន្នន័យធំៗ។
១០.ប្រព័ន្ធប្រតិបត្តិការ (OS) និងកម្មវិធីប្រើប្រាស់ (App) ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់ដែរនៅលើSmartphone។ Android, Windows Phone និង iOS ជាជម្រើសល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែត្រូវប្រើ OS មាន App សម្បូរបែបដូចជាហ្គេម និងកម្មវិធីមានប្រយោជន៍ជាច្រើនទៀត៕