ការរកបាន៥គ្រាប់របស់ Real Madrid
យប់មិញក្នុងការប្រកួតជម្រុះតាមពូលទល់នឹង Basle
ក្នុងពានរង្វាន់ Champions League រដូវកាល២០១៤-២០១៥
នេះធ្វើឱ្យក្លិបការពារតំណែងជើងឯកនេះក្លាយជាក្រុមដំបូងគេដែល
រកបាន១០០០គ្រាប់ក្នុងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបនេះ។
៥គ្រាប់របស់ក្លិបម្ចាស់ពានរង្វាន់
Champions League
១០សម័យកាលរកបានដោយការឡងចូលទីខ្លួនឯងរបស់កីឡាករ Marek
Suchy (Own Goal), និងស៊ុតរបស់ Gareth Bale, Cristiano Ronaldo, James
Rodriguez និងចុងក្រោយខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema
ជាអ្នកធ្វើបានហើយក៏ជាគ្រាប់បាល់បង្គ្រប់គ្រាប់បាល់ទី១០០០
របស់ក្លិបយក្ស Real Madrid ដែរ។
អ្នកចាត់ការក្លិប Real លោក Carlo
Ancelotti បាននិយាយក្រោយចប់ការប្រកួតថា៖
“វាជារឿងច្បាស់ណាស់ថាគ្រប់យ៉ាងមិនទាន់ដំណើរការស្រួលនៅឡើយទេ
ប៉ុន្តែខ្ញុំពេញចិត្តអ្វីដែលក្រុមយើងធ្វើបាន។
វាជារឿងធម្មតាទេដែលអ្នកគាំទ្រមិនសប្បាយចិត្តនៅពេលអ្នកចាញ់២
ប្រកួតពេលបើករដូវកាលថ្មីនោះ”។
ការបើករដូវកាលថ្មី២០១៤-២០១៥នៅ
ក្របខ័ណ្ឌ La Liga ប្រទេសអេស្ប៉ាញ ក្លិប Real Madrid
ធ្វើមិនសូវបានល្អទេ
ពោលគឺ៣ប្រកួតដំបូងចាញ់២ឈ្នះបានតែ១ប៉ុណ្ណោះ។
ចំពោះការប្រកួតពានរង្វាន់ UEFA Champions League លើកក្រោយក្លិប
Real Madrid និងត្រូវប៉ះ Ludogorets
នៅថ្ងៃទី២ខែតុលាឆ្នាំ២០១៤នេះនៅកីឡដ្ឋាន Ludogorets Arena
របស់ក្លិប Ludogorets
ដែលអាចផ្ទុកអ្នកទស្សនាបានតែ៨០០០នាក់ប៉ុណ្ណោះ៕