អ្នកចាត់ការក្លិប Arsenal លោក
Arsene Wenger
បានបញ្ជាក់ពីរឿងដែលលោកសោកស្ដាយបំផុតក្នុងជីវិតបាល់ទាត់
នោះគឺការណ៍ដែលលោកមិនបានចុះកិច្ចសន្យានាំយក Cristiano Ronaldo
មក Arsenal មុនពេលកីឡាករម្នាក់នេះសម្រេចចិត្តចូលរួម
Manchester United ក្នុងឆ្នាំ២០០៣
ដែលកាលនោះតម្លៃខ្លួនកីឡាកររូបនេះត្រឹមតែ១២,២លានផោន(២០លាន
ដុល្លារអាមេរិក)ប៉ុណ្ណោះ។
អ្នកចាត់ការវ័យ៦៤ឆ្នាំខាងលើ
បាននិយាយទៅកាន់ក្រុមហ៊ុន Huawei
ដែលជាក្រុមហ៊ុនឧបត្ថម្ភរបស់Arsenal ថា៖
“ការសោកស្ដាយធំបំផុតរបស់ខ្ញុំគឺមិនបានចុះកិច្ចសន្យាជាមួយ
Cristiano Ronaldo ខ្ញុំហៀបតែនឹងបានគេទៅហើយ។
ហើយមិនត្រឹមតែខ្ញុំអត់បានគាត់ប៉ុណ្ណោះទេ
តែថែមទាំងបណ្ដោយគាត់ឱ្យគាត់ទៅចូល Man Utd ទៀត។
រឿងនេះធ្វើឱ្យខ្ញុំមានវិប្បដិសារីមកទល់សព្វថ្ងៃ”។
ម្នាក់ទៀតដែលអតីតអ្នកចាត់ការ
ក្រុម Nagoya Grampus Eight បានលើកមកនិយាយដែរនោះគឺកីឡាករ Didier
Drogba ដែលខ្សែប្រយុទ្ធម្នាក់នេះស៊ុតចូល១៥គ្រាប់ពេលលេងទល់នឹង
Arsenal ១៥ប្រកួតកន្លងមក។ ចំពោះខ្សែប្រយុទ្ធដែលវិលមកលេងនៅ
Chelsea វិញរដូវកាលនេះ លោក Wenger បាននិយាយថា៖
“ខ្ញុំមិនយកគាត់ពេលគាត់លេងនៅប្រទេសបារាំងហើយបន្ទាប់មកទើប
ខ្ញុំដឹងថាគាត់ជាកីឡាករល្អម្នាក់។
គាត់បានធ្វើឱ្យពួកយើងឈឺចាប់ក្នុងការប្រកួតធំៗ
ហើយបើពេលនោះគាត់លេងឱ្យយើង រឿងឈឺចាប់ទាំងនោះមិនកើតឡើងទេ”។
ដោយឡែក លោក Arsene Wenger
បន្តថាកីឡាករដែលលោកទិញត្រូវបំផុតនោះគឺអតីតខ្សែការពារ
អន្តរជាតិកាមេរ៉ូន Lauren។
អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបាននិយាយថា៖
“ខ្ញុំមិនដែលនិយាយថាកីឡាករណាល្អជាងគេបំផុតនោះទេ
ប៉ុន្តែខ្ញុំគិតថាការទិញកីឡាករដូចជា Lauren
ដែលខ្ញុំសម្លឹងឃើញគាត់ក្នុងខណៈដែលគ្មានអ្នកផ្សេងមើលឃើញនោះ។
គាត់ជាខ្សែបម្រើស្ដាំដែលខ្ញុំដាក់ឱ្យលេងការពារស្ដាំ
ហើយលេងបានយ៉ាងល្អ”។
រយៈពេល១៨ឆ្នាំដែលលោក Arsene
Wenger ដឹកនាំក្លិបកាំភ្លើងធំ
អាចជួយក្លិបមួយនេះឈ្នះពានដូចជា Premier League ៣ដង, FA Cup
៥ដងនិង FA Community Shield ៥ដង៕